(ត្បូងឃ្មុំ)៖ ដោយសារតែស្ថានភាពទឹកទន្លេមេគង្គហាក់ហក់ឡើង បានបណ្ដាលឲ្យបាក់ច្រាំងទន្លេ និងដាច់ផ្លូវមួយចំនួន នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

របាយការណ៍របស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលអង្គភាព ​Fresh News ទទួលបានបញ្ជាក់ថា ផ្លូវលំ​ចាប់ពីឃុំឈូក ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ត្រូវបានទឹកជន់លិចមិនអាចធ្វើដំណើរបាន។

របាយការណ៍ដែលបន្ថែមថា ស្ថានភាពទឹកក៏បានធ្វើឲ្យបាក់ដីច្រាំងទន្លេ នៅចំណុចវត្តរកាធំ ភូមិរកាធំ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ អស់ប្រវែង១០០ម៉ែត្រ ជម្រៅ១០ម៉ែត្រ បណ្តាលឲ្យបាក់ស្រុតបង្គន់សង់ពីបេតុងចាស់ៗ មិនប្រើប្រាស់ចំនួន២ បានបាក់ចូលទន្លេ និងនៅចំណុចភូមិជ្រោយគរ ឃុំទន្លេបិត ប្រវែង៤ម៉ែត្រទៅ៥ម៉ែត្រ ចំនួន៤កន្លែង ​ដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ៥គ្រួសារ។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ថា ​ករណីខាងលើនេះ រដ្ឋបាលខេត្តបានចាត់វិធានការ ឲ្យមន្ត្រីជំនាញថ្នាក់ខេត្ត ស្រុក ឃុំ និងកងកម្លាំងចុះពិនិត្យ ដោះស្រាយជម្លៀសប្រជាពលរដ្ឋចេញ និងត្រៀមលក្ខណៈជួយសង្គ្រោះទៅទីសុវត្ថិភាពតាមស្ថានភាពជាក់ស្តែង៕