(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត និងប្តឹងទៅកាន់ក្រុមហ៊ុន Facebook ដើម្បីចាត់វិធានការចំពោះ Facebook ក្រុមប្រឆាំងមួយចំនួនដែលបានប្រឌិតព័ត៌មានថា សមាគមវៀតណាមអំពាវនាវឲ្យពលរដ្ឋវៀតណាម ចូលរួមបោះឆ្នោតនៅកម្ពុជា ដើម្បីបង្កចលាចលនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា ការផ្សព្វផ្សាយបែបនេះ គឺជាការប្រឌិតព័ត៌មានរបស់ក្រុមប្រឆាំងប៉ុណ្ណោះ ហើយក្រសួងកំពុងស៊ើបអង្កេត ដើម្បីចាត់វិធានការជុំវិញបញ្ហានេះ ដែលលោកសង្ឃឹមថា អ្នកប្រព្រឹត្តល្មើសច្បាប់ ក្នុងចេតនារំខានដល់ការបោះឆ្នោតនៅកម្ពុជា នឹងត្រូវរកឃើញនៅពេលឆាប់ៗនេះ។
ការអះអាងអំពីវិធានការរបស់ក្រសួងមហាផ្ទៃនេះ បានធ្វើឡើងបន្ទាប់ពីមាន Facebook ក្លែងក្លាយមួយដោយដាក់ឈ្មោះថា «សមាគមវៀតណាមនៅកម្ពុជា» រួមទាំងវេបសាយ និងបណ្តាញ Facebook របស់ក្រុមប្រឆាំង បានផ្សព្វផ្សាយថ្មីៗនេះថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ស៊ឹម ជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសទាត់ចោលទាំងស្រុងនូវការប្រឌិតរបស់បណ្តាញព័ត៌មានក្រុមប្រឆាំងបែបនេះដែរ។
លោកបានចាត់ទុកថា ការប្រឌិតព័ត៌មានបែបនេះ គឺជាការញុះញង់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសមាគមរបស់លោកនៅក្នុងប្រទេសកម្ពុជា។ លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយ ដើម្បីទាត់ចោលនូវការប្រឌិតព័ត៌មាននេះនៅថ្ងៃស្អែកផងដែរ៕