(កំពង់ធំ)៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក វង្ស សេរី បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ សន សំនៀង ដែលជាម្ចាស់គណនី Facebook «យមរាជ លោកីយ៍» ពាក់ព័ន្ធការបង្ហោះព័ត៌មាន ប៉ះពាល់ដល់កិត្តិយសកងកម្លាំងរាជអាវុធហត្ថ។ នេះបើយោងតាមដីការបង្គាប់ឲ្យឃុំខ្លួនដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។
នៅក្នុងដីកានេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានចោទប្រកាន់ជននេះ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តាញសង្គម Facebook និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តនៅចំណុចស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៣០៥ និងមាត្រា ៤៩៥។
គួរបញ្ជាក់ថា ជនត្រូវចោទ សន សំនៀង ហៅប្រាក់ ហេង ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ន ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនត្រូវចោទនេះ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
ជនត្រូវចោទ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស ស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕