(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកដែលហូរកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សីលា បានស្រុកចកក្រោម១ម៉ែត្រហើយ ដែលនៅរសៀលថ្ងៃមិញ កម្ពស់ទឹកបានហូរឆ្លងកាត់ប្រមាណ១ម៉ែត្រ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ស្ថានភាពទឹកភ្លៀងវិញ ហាក់មានការថមថយជាមុន ហើយបើសិនស្ថិតនៅស្ថានភាពបែបនេះ ទឹកនឹងស្រកចុះអាចធ្វើដំណើរបាននៅស្អែក ​ប៉ុន្តែបើយប់នេះ ភ្លៀងធ្លាក់មកខ្លាំងនោះ កម្ពស់ទឹកហូរកាត់ផ្លូវជាតិលេខ៤ នឹងមានការកើនឡើងវិញ។

ដោយសារតែទឹក​មិនទាន់ស្រកចុះខ្លាំង ចរាចរណ៍ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ នៅបន្តបិទដដែលមិនទាន់អនុញ្ញាតនៅឡើយទេ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោស្នងការ។

ដោយសារការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានេះ បានធ្វើឲ្យជំនន់ទឹកភ្លៀង លិចលង់តំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ ពីផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។

ទាំងសមត្ថកិច្ច និងអាជ្ញាធរ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រាប់ឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ព្រោះក្នុងសប្តាហ៍នេះ (ចាប់ពីថ្ងៃទី១២ ដល់ ១៨ខែកក្កដា) ខេត្តតាមមាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។

សម្រាប់បណ្តារាជធានីខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ ការធ្លាក់ភ្លៀងនឹងថយមកក្នុងកម្រិតតិច។ រីឯខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅច្រើន៕