(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងទៅកាន់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ ថា ការចូលរួមបោះឆ្នោត គឺជាការចូលរួម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសលោកចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅឃុំឬស្សីក្រាំង ឃុំតាលាស់ ឃុំគារ ឃុំរបស់មង្គល និងឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សីផងដែរ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នេះ។
លោក អង្គ វង្ស វឌ្ឍានា បានបញ្ជាក់ថា សន្លឹកឆ្នោតមួយសន្លឹក គឺបានបង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍប្រទេសរបស់ខ្លួន ។ ហេតុនេះ លោក អង្គ វង្ស វឌ្ឍានា ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់សិទ្ធិ ក៏ដូចជាបំពេញករណីយកិច្ចជាពលរដ្ឋរបស់ខ្លួន ព្រមទាំងចូលរួមចចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ទន្ទឹមនឹងនោះ លោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី ២០ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តការអភិវឌ្ឍឥតឈប់ឈរ ប្រកបដោយចីរភាពនៅកម្ពុជា ៕