(កែប)៖ សហគមន៍ខ្មែរឥស្លាមអ្នកក្នុងសង្កាត់ព្រៃធំ ក្រុងកែប រួមមាន សកម្មជនបក្ស សមាជិក និងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នា ធ្វើការប្តេជ្ញាថា ត្រៀមខ្លួនជានិច្ចសម្រាប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺទៅបោះឆ្នោតដើម្បីបន្តដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលខ្លួន និងជនរួមជាតិភាគច្រើនគោរពស្រលាញ់ និងដើម្បីសម្តេចតេជោ ហ៊ុន សែន បន្ដធ្វើជានាយករដ្ឋមន្ត្រី ជាទីស្រលាញ់របស់ជនរួមជាតិ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយសហការី បានអញ្ជើញសំណេះសំណាល នៅភូមិថ្មី ឃុំព្រៃធំ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រដោយឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមឲ្យការគាំទ្រនេះ នៅដិតជាប់ជាមួយបងប្អូន និងញាតិមិត្តជិតឆ្ងាយ ដោយស្មោះត្រង់ដោយឆន្ទៈ ដើម្បីជាការចូលរួមសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍតទៅមុខជាបន្តបន្ទាប់៕