(ភ្នំពេញ)៖ នៅថ្ងៃនេះ កម្ពុជាកំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមបែបប្រជាធិបតេយ្យ ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយច្បាស់លាស់។ ប៉ុន្តែបើក្រឡេកថយក្រោយទៅ៥៣ឆ្នាំមុនវិញ ពោលគឺថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ គឺជាពេលវេលាមួយដែលចងចាំមិនភ្លេចរបស់ឥស្សរជនខ្មែរម្នាក់នោះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបានក្រុមជីវពលចាប់យកទៅបាញ់សម្លាប់ ក៏ប៉ុន្តែដោសារតតែជីវិតលោកថ្លៃ លោកក៏បានរួចផុតពីការចាប់យកទៅបាញ់សម្លាប់នេះ ហើយមានជោគវាសនាខ្ពស់ដូចសព្វថ្ងៃ។
នារសៀលថ្ងៃទី១៧ កក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។...ពិតជាពិបាកពន្យល់ ពិតជាពិបាកជឿនាពេលដែលយើងពុំបានឆ្លងកាត់រឿងរ៉ាវ នៃជីវិតរបស់មនុស្សជាច្រើនដែលជាបុព្វបុរស ដែលជាអ្នកដឹកនាំនឹងនាំប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកទល់ថ្ងៃនេះ។ វាហាក់ដូចជារឿងនិទានខ្លះ ជាការតាក់តែងនិពន្ធសាច់រឿងខ្សែភាពយន្តដ៏អស្ចារ្យរបស់ Hollywood ឬជាសុបិន្តដ៏កម្រនឹងបានជួបប្រទះ។ ប្រសិនបើយើងបានឃើញច្បាស់នូវដំណើរបត់បែនឆ្លងកាត់គ្រប់ឧបសគ្គខ្សែរជីវិតរបស់ថ្នាក់ដឹកនាំរបស់យើងគ្រប់ៗគ្នា ដែលមានរហូតមកដល់ពេលនេះ។
សម្តេចតេជោហ៊ុន សែន បានចាប់ផ្ដើមជីវិត និងមគ្គុទេសន៍ភាពចាប់ពីរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយយកជីវិតធ្វើដើមទុន ហើយដែលយើងទើបបានប្រារព្ធនូវទិវាចងចាំខួប៤១ឆ្នាំ នាពេលថ្មីៗនេះ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅក្នុងប្រវត្តិសាស្រ្តហើយដែលនាំឱ្យប្រទេសជាតិបង្កើតបាននូវសុខសន្តិភាពឆ្លងកាត់ពីសង្រ្គាមរ៉ាំរ៉ៃរហូតដល់មានការអភិវឌ្ឍគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ន។
ក្នុងចំណោមរឿងរ៉ាវព្រឹត្តិការណ៍ទាំងអស់ ដែលកត់ត្រាមិនចេះចប់ ក៏មានអព្ហូតហេតុ ឬក៏ភាពអស្ចារ្យមួយបានកើតឡើងនារសៀលភ្លៀងធ្លាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា គីយុវជនម្នាក់ត្រូវបានគេចោមចាប់ចងដោយ មិនប្រាប់មូលហេតុ និងពុំអាចតវ៉ាបាន ដោយគ្មានតុលាការកាត់ក្តី និងត្រូវបានចាប់បណ្ដើរ ទៅប្រហារជីវិតក្រោមភ្លៀងផ្គរដោយគ្មានកំហុស មិនបានដឹងរឿងរ៉ាវ ហើយក៏គ្មានអ្នកណានឹងងើបឡើងដើម្បីតវ៉ាកើត គឺមានតែបណ្ដោយតាមវាសនា ហើយអ្វីដែលនៅសេសសល់តែមួយគត់នៅក្នុងក្ដីសង្ឃឹម គឺរំពឹងទៅលើទឹកដោះម្តាយថ្លៃ ប៉ុន្ដែក្ដីស្រម៉ៃ និងក្ដីសង្ឃឹម តែមួយនោះពិតជាសក្ដិសិទ្ធលើសពីអ្វីទាំងអស់។
នឹកគុណម៉ែដែលជាព្រះរស់និងដែលបីបាច់ថែរក្សានឹកដល់គ្រួសារមានប្អូនស្រីដែលគេប៉ងធ្វើបាប...។ នៅក្នុងហោប៉ៅមានលុយតែប៉ុន្មានរៀល និងបំណងចុងក្រោយគឺយកទៅជូនម៉ែ ដោយរំពឹងថា នាពេលបន្តិចទៀតដឹងថាត្រូវគេបាញ់ប្រហារសម្លាប់ ។ ហួសពេលនឹងតក់ស្លុត ហួសពេលនឹងខ្លាចរអារនឹងធ្វើការបារម្ភក៏សម្លឹងចុងកាណុងនៅពីមុខហើយលឺស្នូរផាំងៗ...។
ជីវិតយុវជនមួយរូបនេះ បានត្រូវរស់ឡើងវិញដោយពុំមានមូលហេតុណាមួយអាចបញ្ជាក់ឱ្យបានច្បាស់ពន្យល់ឱ្យបានអស់ ហើយក៏ពិបាកជឿ តែជារឿងពិតជាក់ស្តែងមិនអាចមើលរំលង និងបដិសេធកើតព្រោះយុវជននោះ កំពុងនៅទីនេះ ថ្ងៃនេះ គាត់គឺសម្តេចពិជ័យសេនា ទៀ បាញ់ ...៕