(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង ចំនួន៣,៥៥០នាក់ និងការបង្ហាញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រទាំងពេញសិទ្ធិ និងត្រៀមបម្រុង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបាគង។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បាននាំនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប និងថ្លែងអំណរគុណដល់ក្រុមការងារចុះជួយស្រុក និងប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន។
សម្តេច ទៀត បាញ់ បានបន្តថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ហើយនៅគ្រប់កាលៈទេសៈណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ។
សម្តេចក៏បានលើកពីសភាពការណ៍នយោបាយ ក្នុង និងក្រៅប្រទេស ព្រមទាំងសូមឲ្យកុំឲ្យចាញ់ឧបាយកាលជនអកតិ ក្នុងគោលបំណង ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា បម្រើតែមហិច្ឆិតាបរេទស តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យសមាជិករបស់គណបក្សប្រជាជន ដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែងដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជាលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃឲ្យបានប្រសើរឡើងថែមទៀត៕