(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន បានកំពុងសិក្សាវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានមើលឃើញថាប្រព័ន្ធបច្ចេកវិទ្យានេះកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា។ គណៈប្រតិភូ ១៨រូបដែលជាប្រធានផ្នែកសំខាន់ៗ នៃក្រុមហ៊ុនបច្ចេកវិទ្យាហ្វសខុនដឹកនាំដោយ លោក ហឺ យោវមីង ជាអគ្គនាយករងនៃក្រុមហ៊ុនហ្វសខុន បានមកកម្ពុជា ដោយមានការស្វាគមន៍ពីសំណាក់លោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសស្វាគមន៍គណៈប្រតិភូវិនិយោគនេះ លោក ឈីវ យីស៊ាង បានលើកឡើងពីស្ថានភាព និងកត្តាអំណោយផលជាច្រើនដែលប្រទេសកម្ពុជាទាក់ទាញអ្នកវិនិយោគិនបរទេសមកបណ្តាក់ទុនយ៉ាងច្រើន ស្របពេលក្រុមហ៊ុនហ្វសខុនកំពុងមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក ឈីវ យីស៊ាង បានលើកបង្ហាញទៅប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះថា កម្ពុជាជាប្រទេសមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ ហើយកំពុងមានការអភិវឌ្ឍយ៉ាងខ្លំាង។ បន្ថែមពីលើនោះ កម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមថា ជាកូនខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីទៀតផង។
អនុរដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ បានបន្ថែមថា នៅឆ្នាំ២០១៧-២០១៨ តាមការប៉ាន់ស្មានកម្ពុជាបានបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម៧ភាគរយដោយសារកំណើនជាវិជ្ជមានក្នុងវិស័យកសិកម្ម ឧស្សាហកម្ម វិស័យកាត់ដេរ ទេសចរណ៍ និងការរីកធំធាត់នៃវិស័យសំខាន់ៗដ៍ទៃទៀត ដូចជាសេវាកម្ម និងអចនទ្រព្យ។ ដោយសារកំណើនដ៏រឹងមាំនៃសេដ្ឋកិច្ចប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់មានចំនួន ១,៤៣៥ដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១០ ត្រឹមតែ ៨៣០ដុល្លា។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺកម្ពុជាជាប្រទេសមានកម្លាំងច្រើន ជាប្រទេសសមាជិកអាស៊ាន និង ជាប្រទេសដែលលើកលែងពន្ធទៅកាន់សហរដ្ឋអាមេរិក។
លោក ហឺ យោវមីង បានថ្លែងអំណរគុណដល់លោក ឈីវ យីស៊ាង ដែលបានជំរាបពីស្ថានភាព និង កត្តាអំណោយផលជាច្រើនលើការវិនិយោគក្នុងប្រទេសកម្ពុជា ដល់គណប្រតិភូរបស់ក្រុមហ៊ុនហ្វសខុន។
លោកបានបញ្ជាក់ថា នេះគឹជាលើកទី៣ហើយដែលលោកមកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីភូមិសាស្ត្រ ពីច្បាប់នៃការវិនិយោគ និង ស្ថានភាពក្នុងប្រទេសកម្ពុជាហើយទទួលស្គាល់ថា កម្ពុជាគឺពិតជាមានសន្តិភាព និងស្ថេរភាពនយោបាយពិតប្រាកដមែន មិនមានការព្រួយបារម្ភក្នុងការមកវិនិយោគទេ។
អគ្គនាយករងនៃក្រុមហ៊ុនបច្ចេកវិទ្យាហ្វសខុន បានបញ្ជាក់ថា អ្វីដែលលោកកំពុងបន្តសិក្សា
បន្ថែមទៀតនោះ គឺទាក់ទងច្បាប់វិនិយោគរបស់កម្ពុជា និងកម្លាំងពលកម្ម ព្រោះក្រុមហ៊ុនបច្ចេកវិទ្យាហ្វសខុន ជាក្រុមហ៊ុនធំ ដែលអាចស្រូបទាញកម្លាំងពលកម្មក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនម៉ឺននាក់៕