(កំពង់ស្ពឺ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ សហការដោយព្រះរាជអាជ្ញារង អ៊ូ ផាត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ តាមការបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះវាយកម្ទេចសំណង់មិនគោរពច្បាប់មួយកន្លែង លើតំបន់អាងទឹកទនប់ឥណ្ឌ (បឹងតាសាល) ដោយដកហូតសម្ភារគ្រឿងសំណង់ជាច្រើន។

សំណង់ខុសច្បាប់មួយ ត្រូវគេបានប្រទះឃើញលួចសាងសង់ ក្នុងបំណងជារបៀបហាងផឹកស៊ី ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានរកឃើញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លើដីរដ្ឋតំបន់អាងទឹក និងគម្រោងអភិវឌ្ឍន៏របស់រដ្ឋ។

លោក ព្រុំ វណ្ណៈ បានថ្លែងឲ្យដឹងថា នៅចំណុចភូមិ-ឃុំខាងលើ តាមការពិនិត្យពិតជាមានការសាងសង់សំណង់ នៅលើអាងទឹកទំនប់ តាសាល ដោយខុសច្បាប់ពិតមែន ហើយតាមការបញ្ជារបស់អភិបាលខេត្ត បានបង្កើតគណៈកម្មាធិការ ដើម្បីវាយចោលនាថ្ងៃនេះ។

ប្រភពដដែលបានបញ្ជាក់ថា សំណង់នេះសាងសង់លើដីរដ្ឋដែលមានទំហំ ១២ម៉ែត្រគុណនឹង២៤ម៉ែត្រ ទង្រង់ជាហាងខារ៉ាអូខេ និងជាប្រភេទសំណង់អនាធិបតេយ្យ លើទំនប់អាងទឹកតាសាល ដែលពលរដ្ឋនិយមហៅថាទំនប់ទឹកឥណ្ឌ ជាទីទេសចរណ៍ធម្មជាតិមួយ ក្នុងចំណោមតំបន់ជាច្រើនផ្សេងទៀត ក្នុងខេត្តកំពង់ស្ពឺ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តបានលើកឡើងថា សំណង់នៅតំបន់តាសាលនោះ បានសង់ក្នុងលក្ខណៈខុសច្បាប់ ហើយសាងសង់ជាសំណង់រឹងមាំ ធ្វើជាហាង ពេលនេះត្រូវបានវាយកម្ទេច ហើយសំណង់ខាងលើនេះ បានសាងសង់ស្ទើរបាន៧០% ទៅហើយទើបបែកការ និងមានក្រុមការងារចុះត្រួតពិនិត្យដឹង។

លោកប្រធានមន្ទីរធនធានទឹកបានបញ្ជាក់ទៀតថា ផ្ទៃបឹងមានទំហំ និងចំណុចទឹក ១៣៥លានម៉ែត្រគីប ដែលអាចរក្សាទឹកបានពេញមួយឆ្នាំទល់មួយឆ្នាំ ហើយទំនប់តាសាលនេះ នឹងមានគម្រោងអភិវឌ្ឍន៍បន្ថែមទៀតនាពេលខាងមុខ។

លោកអភិបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតដាច់ខាត ក្នុងរឿងសាងសង់រំលោភលើដីរដ្ឋមួយនេះ ហើយថ្ងៃនេះបានបញ្ជាឲ្យក្រុមការងារវាយចោលហើយ និងសម្ភារសំណង់ជាច្រើន ត្រូវបានរឹបអូសជាសម្បត្តិរដ្ឋ៕