(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានព្រមានដកហូតអាជ្ញាបណ្ណ ចំពោះគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណា ដែលបន្ដសកម្មភាពដកយកអត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ និងសៀវភៅស្នាក់ នៅសម្រាប់ធ្វើជារបស់ធានា លើការផ្ដល់ឥណទាន ជូនដល់សាធារណជន ព្រោះការធ្វើបែបនេះជាការល្មើសច្បាប់។
សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កន្លងមកធនាគារជាតិ បានជូនដំណឹងស្ដីពី ការហាមឃាត់ការទទួលយកអត្តសញ្ញាបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្ដល់ឥណទាន ជាបន្ដបន្ទាប់ ពោលគឺចាប់ពីខែមីនា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្ដែរហូតមកដល់ពេលនេះ ធនាគារជាតិ នៅតែមើលឃើញថា នៅតែមានគ្រឹះស្ថានមួយចំនួន មិនបានអនុវត្តតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជានោះឡើយ។
ធនាគារជាតិនៃកម្ពុជា បានព្រមានថា «ក្នុងករណីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមួយ នៅតែបន្ដសកម្មភាព និងមិនយកចិត្តទុកដាក់អនុវត្ត តាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ គ្រឹះស្ថានទាំងនោះ នឹងត្រូវទទួលរងទណ្ឌកម្មវិន័យធ្ងន់ធ្ងរ រហូតឈានដល់ការដកហូត អាជ្ញាបណ្ណអាជីវកម្ម ស្របតាមមាត្រា៥២ និង៥៦ នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាធរមាន»។
ធនាគារជាតិនៃកម្ពុជា ក៏បានស្នើសូមដល់សាធារណជន ប្រុងប្រយ័ត្ន និងចៀសវាងការប្រើប្រាស់ អត្តសញ្ញាបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការខ្ចីឥណទាននានា៕