(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន០៥នាក់ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើស ប្រើសហិង្សាដោយចេតនា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងក្នុងសិន្នសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ក្រោយបង្ក្រាបបានជនជាតិចិនទាំង៥នាក់ ដែលពាក់ព័ន្ធការបង្កអំពើហិង្សានេះ នាយកដ្ឋាននឹងធ្វើការបណ្ដេញចេញពីកម្ពុជា ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ហើយមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញម្ដងទៀតបាននោះទេ​។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រៅពីការបង្កហិង្សាហើយនោះ ជនជាតិចិនទាំង៥នាក់នេះ ក៏មានបទល្មើសផ្សេងមួយទៀត គឺចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ ពោលគ្មានសៀវភៅការងារត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មាន រាល់ជនបរទេសដែលលួចលាក់ស្នាក់នៅ និងប្រព្រឹត្តបទល្មើស ដល់សមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការប្រព្រឹត្ដបទល្មើសផ្សេងៗ។

បន្ថែមពីនេះ ប្រធាននាយកដ្ឋានរូបនេះ ក៏បានឲ្យដឹងថា រយៈពេល៧ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិបរទេស ដែលលួចមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ហើយបានបណ្ដេញចេញពីកម្ពុជា ចំនួន៦៦៧នាក់ ស្មើនឹង៣០សញ្ជាតិ​ ក្នុងនោះស្រី១២៥នាក់ (បូករួមទាំងជនបរទេសដែលអនាថា)៕