(បាត់ដំបង)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងភាគីគ្រួសារកងទ័ព តំណាងដោយលោក ភ្លន់ សុផល្លា និងតំណាងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លី ដែលស្ថិតនៅទីតាំង ចំណុចព្រៃព្រាល ភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ និងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
ក្រោយសមាហរណកម្មអតីតកម្លាំងផ្តាច់ខ្លួន នៃកម្ពុជាប្រជាធិបតេយ្យរួចហើយ ក្នុងអំឡុងឆ្នាំ១៩៩៨ កងទ័ពបានកាន់កាប់ដីនេះ ហើយប្រជាពលរដ្ឋក៏ចូលទៅកាន់កាប់ដីតំបន់នេះដែរ។ ក្រោយពេលចូលកាន់កាប់ និងកាប់ឆ្កាព្រៃស្រឡះនៅឆ្នាំ២០០៨ ចាប់ផ្តើមវិវាទកើតឡើងរវាងប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលតំណាងដោយលោក ភ្លន់ ផល្លា ពេលនោះអាជ្ញាធរគ្រប់ថ្នាក់ បានខិតខំដោះស្រាយសម្រុះសម្រួល តែពុំឈានដល់ការព្រមព្រៀងគ្នាទេ រហូតដល់ឆ្នាំ២០១២ ក៏បានដោះស្រាយបញ្ចប់វិវាទមួយចំនួនធំ តាមបទបញ្ជាលេខ០១ ប.ប ក្នុងការអនុវត្តគោល នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដោយចុះធ្វើយុទ្ធនាការរបស់ក្រុមយុវជន និងមន្រ្តីជំនាញ ហើយនៅសេសសល់បញ្ហាវិវាទមួយចំនួនតូច គឺរវាងគ្រួសារកងទ័ពដែលតំណាងដោយលោក ភ្លន់ ផល្លា និងប្រជាពលរដ្ឋចំនួន៥៩គ្រួសារ លើផ្ទៃដីសរុបចំនួន១៥២ហិកតា។
ពាក់ព័ន្ធនឹងបញ្ហាទំនាស់នេះ រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារដោះស្រាយវិវាទដែលនៅសេសសល់ពីការចុះបញ្ជីដីធ្លីតាមគោលនយោបាយចាស់ សកម្មភាពថ្មី ដែលដឹកនាំដោយអភិបាលរងខេត្ត០១រូប និងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាសមាជិកក្រុមការងារដោះស្រាយវិវាទនេះ ដោយបន្តធ្វើការសម្រុះសម្រួលជាច្រើនលើករវាង ភាគីកងទ័ព និងភាគីប្រជាពលរដ្ឋ ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លីនេះ ។
ក្រោយពីបានប្រជុំពិភាក្សា សម្របសម្រួល ព្រឹកមិញនេះ ភាគីទាំងពីបានព្រមព្រៀងបញ្ចប់ទំនាស់ ដោយឯកភាពលើគោលការណ៍ ដូចខាងក្រោម ៖
ទី១៖ ភាគីគ្រូសារអតីតកងទ័ពតំណាងដោយលោក ភ្លន់ សុផល្លា យល់ព្រមប្រគល់ដីបន្ថែមឲ្យភាគីប្រជាពលរដ្ឋចំនួន៤ហិកតាបន្ថែមទៀត (ដោយយកបណ្តោយរ៉បផ្លូវខាងត្បូង ចេញពីផ្លូវបំបែកឈៀង ខាងលិច) តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ ដូចនេះប្រជាពលរដ្ឋទទួលបានផ្ទៃដីសរុប៩៤៨,៩៧៤ ម៉ែត្រក្រឡា សម្រាប់បែងចែកប្រជាពលរដ្ឋចំនួន ៥៩គ្រួសារ និងគ្រួសារអតីតគ្រួសារកងទ័ពទទួលបានផ្ទៃដីសរុប៤៧៧,៩៣៤ ម៉ែត្រក្រឡា សម្រាប់បែងចែកជួន អតីតគ្រួសារកងទ័ពចំនួន៣៥គ្រួសារ។
ទី២៖ ភាគីប្រជាពលរដ្ឋ ព្រមទទួលយកផ្ទៃដី ៩៤៨,៩៧៤ ម៉ែត្រក្រឡា ដែលបានព្រមព្រៀងរវាងភាគីវិវាទ បែងចែកជូនគ្រូសារប្រជាពលរដ្ឋចំនួន៥៩គ្រួសារ ដោយខ្លួនឯង និងភាគីគ្រួសារអតីតកងទ័ព ត្រូវយកផ្ទៃដីទំហំ៤៧៧,៩៣៤ម៉ែត្រក្រឡា សម្រាប់បែងចែកជូនគគ្រួសារអតីតកងទ័ពចំនួន ៣៥គ្រួសារ និងផ្ទៃដីដែលនៅសេសសល់មួយចំនួន គឺកាត់សម្រាប់ធ្វើផ្លូវថ្នល់។
ក្រោយបានបញ្ចប់វិវាទគ្នា ភាគីទាំង២បានថ្លែងអំណរគុណដល់សម្តេចតេជោនាយកមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ និងរដ្ឋបាលខេត្តបាត់ដំបង ដែលបានជួយដោះស្រាយធ្វើការសម្របសម្រួលរហូតដល់បានឯកភាពគ្នា ក្នុងយុទ្ធសាស្រ្តឈ្នះឈ្នះទាំងអស់គ្នា ដល់ទីបញ្ចប់នាថ្ងៃនេះផងដែរ៕