(ភ្នំពេញ)៖ រយៈពេល២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យមានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដីតែមួយ។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ កូនប្រុសមួយរូបរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បានបង្ហោះនៅវីដេអូឃ្លីបមួយអមដោយពាក្យពេជន៍មួយចំនួន បង្ហាញពីការបង្រួបបង្រួមជាតិ តាមរយៈការលះបង់ និងការប្រថុយប្រថានអាយុជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីដូរយកមកវិញនូវឯកភាពជាតិ។
លោក ហ៊ុន ម៉ានិត ក៏បានដកស្រង់នូវពាក្យសំដីរបស់ឪពុករបស់លោក គឺសម្ដេចតេជោ ហ៊ុន សែន និយាយជាមួយយាយរបស់លោក នៅមុនពេលដែលសម្ដេចតេជោ ចាកចេញពីផ្ទះ ដើម្បីចូលទៅជំរុំកងទ័ពខ្មែរក្រហមចរចារបង្រួបបង្រួងជាតិ នៅឯខេត្តប៉ៃលិន។
លោក ហ៊ុន ម៉ានិត តាមរយៈគេហទំព័រ Facebook ផ្លូវការរបស់លោក ហ៊ុន ម៉ានិត បានសសេរយ៉ាងដូច្នេះថា «២០ឆ្នាំមុន មុនចេញទៅចរចារនៅខេត្តប៉ៃលិន លោកយាយរបស់ខ្ញុំបាននិយាយទៅពុក [សម្ដេចតេជោ ហ៊ុន សែន] ថា៖ កូនកុំទៅអីប្រយ័ត្នចូល អន្ទាក់របស់គេគេនឹងសម្លាប់កូន និងក្រុមរបស់កូនដែលរួមដំណើរ។ ម៉ែខ្ញុំដឹងច្បាស់ណាស់ថា ពួកខ្ញុំអាចដើរចូលក្នុងអន្ទាក់របស់គេ ហើយក៏អាចស្លាប់ទាំងអស់គ្នាដែរ តែយើងត្រូវតែចរចាដើម្បីជាតិយើង។ បើយើងដើរចូលអន្ទាក់គេមែន ឬចរចាបរាជ័យ ពួកខ្ញុំដែលទៅអាចនឹងបាត់បង់ជីវិតមែន តែបើសិនជាចរចាជោគជ័យវិញនោះ គឺជាតិយើងជោគជ័យទាំងអស់គ្នា ប្រទេសយើងនឹងអស់សង្រ្គាម ដូច្នេះហើយខ្ញុំត្រូវតែទៅ»។
ការលះបង់ការប្រថុយប្រថាននឹងគ្រោះថា្នក់របស់សម្ដេចតេជោ ហ៊ុន សែន ចូលជំរុំទ័ពខ្មែរក្រហម ដោយមិនគិតពីអាយុជីវិតខ្លួនឯងនេះហើយ ទើបកម្ពុជាបានមានសុខសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះលោក ហ៊ុន ម៉ានិត ក៏បានលើកឡើងថា បើស្រឡាញ់សន្តិភាព ទៅបោះឆ្នោតឲ្យគណបក្សប្រជាជន៕