ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជិត១០០គ្រូសារ នៅស្រុកមណ្ឌលសីមា ត្រូវបានអាជ្ញាធរចុះជួយអន្តរាគមន៍
17-07-2018 15:39
(កោះកុង)៖ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារក្រោមឱវាទ ចុះសួរសុខទុក្ខ និងជួយអន្តរាគមន៍ដល់គ្រួសារ ដែលជួបគ្រោះធម្មជាតិ ដោយសារទឹកជំនន់ជិត១០០គ្រួសារ ស្ថិតនៅចំណុចគីរីវង់ភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសសីមា។
លោក ហាក់ ឡេង បានថ្លែងថា ក្រោយពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ថា មានប្រជាពលរដ្ឋរស់នៅ ចំណុចគីរីវង់ភូមិចាំយាម ជួបគ្រោះធម្មជាតិ ទឹកជំនន់នោះ លោកបានខ្នះខ្នែងដឹកនាំក្រុមការងារ ចុះជួយអន្តរាគមន៍ដល់លំនៅដ្ឋានពួកគាត់ និងបានជួយរើឥវ៉ាន់ពួកគាត់រកទីសុវត្ថិភាពទៀតផង។
លោកបានបញ្ជាក់ថា ក្រោយពីសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិរួចមក លោកបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាសុខភាព និងក្មេងៗកុំឲ្យចុះលេងទឹក ខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ហើយត្រូវមើលពីស្ថានការណ៍ឲ្យបានច្បាស់ ព្រោះទឹកហូរពីលើភ្នំឡើងលឿនណាស់។
លោកអភិបាលស្រុក បានផ្តាំផ្ញើបងប្អូនថា បើមានអ្វីខុសប្រក្រតី ត្រូវជូនដំណឹងដល់ក្រុមការងារ ឬលោកផ្ទាល់ ដើម្បីងាយស្រួលក្រុមការងារមានវិធានការជួយសង្រ្គោះឲ្យផុតពីគ្រោះធម្មជាតិនេះ។
ប្រជាពលរដ្ឋរងគ្រោះសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានមកជួយពួកគាត់ឲ្យរួចផុតពីគ្រោះធម្មជាតិបានរហ័សទាន់ពេលវេលា។
លោក កាយ សំរួម បានណែនាំដល់បងប្អូនទាំងអស់ ថែរក្សាសុខភាព ការពារសុវត្តិភាពកូនចៅ កុំហូបទឹកឆៅ ត្រូវដាំឲ្យឆ្អិន ការពារក្នុងការរាគរូស ព្រោះបងប្អូននៅឆ្ងាយពីមន្ទីរពេទ្យ ឬមណ្ឌលសុខភាព៕