(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឹ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច។
តាំងពីព្រឹក រហូតមកដល់រសៀលថ្ងៃនេះ អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយមន្រ្តី និងកងកម្លាំង បានចុះទៅពិនិត្យមើលជាក់ស្តែងនូវស្ថានភាពទឹកលិចផ្លូវជាតិលេខ៤ ជាប់ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងស្រុកកំពង់សីលា ខេត្តកោះកុង ដែលទឹកនៅបន្តហូរកាត់មានកម្ពស់រហូតដល់ជាង១ម៉ែត្រ។
យ៉ាងណាក៏ដោយ បើតាមអភិបាលខេត្ត សម្រាប់ខេត្តកំពង់ស្ពឺ នៅមិនទាន់មានការគំរាមកំហែងដោយសារតែជំនន់ទឹកភ្លៀងនេះទេ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងត្រៀមវិធានការដោះស្រាយ ចំពោះគ្រោះធម្មជាតិមួយនេះហើយ។
រហូតមកដល់រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅបន្ដផ្អាកចរាចរណ៍ឆ្លងកាត់ ជាបណ្ដោះអាសន្ននៅឡើយ ដោយសារតែកម្ពស់ទឹកដែលហូរឆ្លងកាត់ស្ពានសំរោង និងនៅលើផ្លូវជាតិកម្ពស់ជាង១ម៉ែត្រ ហើយភ្លៀងកំពុងបន្ដធ្លាក់នៅឡើយ៕