(ភ្នំពេញ)៖ សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង២នាក់ បានឆក់ទូរស័ព្ទដៃពីលោកអាចារ្យវត្តខ្ទរ បានសម្រេចភ្លាមៗ តែជាលទ្ធផលបែរជារត់មិនរួច ត្រូវជាប់ខ្នោះកម្លាំងនគរបាល ប៉ុស្ដិ៍បាក់ខែង សហការជាមួយនគរបាលផ្នែកអន្តរាគមន៍ខណ្ឌជ្រោយចង្វារ។
លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការដេញតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាសិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង ទាំង២នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃ ពីលោកអាចារ្យវត្តខ្ទរ ខាងលើនេះ បានធ្វើឡើងនាវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦អា ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ចាន់ ស្លី បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាសិស្សវិទ្យាល័យ ទាំង២នាក់នេះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ម៉ាកសាំសុង Galaxy ពណ៌ស សំបកក្រហម ចំនួន១គ្រឿង ជារបោះជនរងគ្រោះ និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ក្រហម សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1CX-2805។
លោកអធិការរងដដែលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូត សុផាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យព្រែកព្នៅ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិផ្សារលិច សង្កាត់ផ្សារលិច ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ព្រុំ វិចារ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សវិទ្យាល័យសំរោង (មានសាធាតុញៀន) ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ តូច សុផល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអាចារ្យវត្តខ្ទរ ស្នាក់នៅក្នុងវត្តខ្ទរ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យជាសិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង ទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនភ្លាមៗទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕