(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានទទួលជួបការសំដែងការគួរសម និងពិភាក្សាការងារ ពីប្រតិភូសមាគមអ្នកនាំចូល របស់កូរ៉េ (Korea Importer Association) ដឹកនាំដោយលោក Myoung-Jin Shin ជាប្រធានសមាគម។
ក្នុងជំនួបនោះ លោក Myoung-Jin Shin បានថ្លែងថា លោកមានចំណាប់អារម្មណ៍ លើផលិតផលកៅស៊ូ របស់កម្ពុជា ហើយថាលោកនឹងដឹកនាំក្រុមការងាររបស់លោក ទៅសិក្សាលំអិតអំពីផលិតផល កៅស៊ូរបស់កម្ពុជា ដើម្បីពិនិត្យមើល លទ្ធភាពថា តើគួរត្រូវទៅបង្កើតរោងចក្រ ដើម្បីកែច្នៃកៅស៊ូនៅលើទឹកដីកម្ពុជា ឬក៏នាំជ័រកៅស៊ូ មកធ្វើការកែច្នៃនៅប្រទេសកូរ៉េ។
ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានសំដែងនូវការស្វាគមន៍ ដល់ប្រតិភូដែលចាប់អារម្មណ៍ លើផលិតផលកៅស៊ូ របស់កម្ពុជា។
លោកបានបន្ថែមថា កម្ពុជាមានផ្ទៃដីទូលាយ សម្រាប់ដំណាំកៅស៊ូ ដែលអាចផ្គត់ផ្គង់កៅស៊ូ តាមតម្រូវការ និងបានជំរុញឲ្យក្រុមហ៊ុនរបស់កូរ៉េ ទៅវិនិយោគលើការផលិត និងកែច្នៃដោយផ្ទាល់ នៅប្រទេសកម្ពុជាតែម្តង ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកទឹកចិត្តយ៉ាងច្រើនដល់វិនិយោគិន និងបានសន្យាថា នឹងជួយសម្របសម្រួល ដល់ការសិក្សាស្វែងយល់របល់ប្រតិភូនៅប្រទេសកម្ពុជាឲ្យបានរលូន និងជោគជ័យផងដែរ។
បន្ថែមពីនោះ លោក ឡុង ឌីម៉ង់ ក៏បានស្នើសុំឲ្យសមាគមអ្នកនាំចូលកូរ៉េ ពិចារណាផងដែរ លើការនាំចូលនូវផលិតផលកសិកម្មរបស់កម្ពុជាដទៃទៀត ដែលប្រទេសកូរ៉េ មានតម្រូវការប្រើប្រាស់៕