(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌ រួមជាមួយលោកស្រី សឿង សេរី អនុប្រធានគណបក្សសង្កាត់ដង្កោ និងក្រុមការងារសង្កាត់ ភូមិ បានចុះសំណេះសំណាល បង្រៀនគូសសន្លឹកឆ្នោត និងបិទខិត្តបណ្ណគោលនយោបាយគណបក្សតាមខ្នងផ្ទះប្រជាពលរដ្ឋ និងសមាជិកបក្ស នៅភូមិខ្វា ដើម្បីត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិក្រោយៗ ជាបន្តបន្ទាប់ទៀត។
លោក នុត ពុធដារ៉ា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ពោលបានប្រែក្លាយពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ រូបនេះបានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងជំរុញប្រាក់បៀវត្សរ៍មន្រ្តីរាជការកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ ក៏បានកើនឡើងផងដែរ។
លោកបានលើកឡើងបន្តថា ដើម្បីបន្តរក្សាបានភាពរីកចម្រើន របស់ប្រទេសកម្ពុជាទៅមុខបន្តទៀត ជាពិសេសរក្សាបាននូវសុខសន្តិភាពនោះ ប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ និងពេញចិត្ត ត្រូវចំណាំលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា ឲ្យបានច្បាស់គឺលេខ២០ ជាលេខនាំមកសុខសន្តិភាព និង ការរីកចម្រើនឥតឈប់ឈរ៕