(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៨នេះ បានចុះឆែកឆេរចំណីអាហារ និងបន្លែរផ្លែឈឺជាង៤០មុខ នៅផ្សារដើមគរ ដើម្បីបន្តស្វែងរកសារធាតុគីមីហាមឃាត់ ប៉ុន្តែក្នុងប្រតិបត្តិការនេះពុំរកឃើញនូវសារធាតុ ហាមឃាត់អ្វីនោះឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួត​ពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដើមគរ ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួន លួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ បានធ្វើតេស្តបមឋ និងយកគំរូចំនួនជាង៤០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់។

ប៉ុន្តែក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ក្រុមការងាររបស់លោក មិនបានរកឃើញនូវសារ ធាតុហាមឃាត់នោះទេ ដោយលោកអះអាងថាទាំងបងប្អូនអាជីវករ និងកសិករពួកគេយល់ដឹង ច្រើនជាងមុនទាក់ទងនិងសារធាតុហាមឃាត់នេះ។

យ៉ាងណាក៏ដោយ លោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។

លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

បើតាម លោក គង់ វុទ្ធី នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជាលោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕