(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម បានសន្យាចំពោះមុខប្រជាពលរដ្ឋថា នៅក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូនគ្រប់ប្រភេទប្រកបដោយគុណភាព និងពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ ពីទីប្រជុំជនទៅគ្រប់ភូមិនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល។
ការសន្យារបស់លោកប្រធាន ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅក្នុងឃុំថ្មពូននៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជាង ៤០០នាក់។
«វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចជាតិ! គណបក្សប្រជាជនកម្ពុជា បានយល់ច្បាស់ពីចំណុចនេះ ហើយយើងសន្យានឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ជាពិសេសប្រព័ន្ធគមនាគមន៍ តាមរយៈការកែលម្អផ្លូវជនបទ ពីផ្លូវដីទៅជាផ្លូវចាក់កៅស៊ូ ឬ ផ្លូវក្រាលបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ឬកសិផលរបស់បងប្អូន»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ក្នុងឱកាសនោះ តំណាងរាស្ត្ររូបនេះ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ និងបានថ្លែងសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕