(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមពិសោធន៍ជ្រលក់ដៃក្នុងទឹកថ្នាំជ្រលក់ដៃរួចមក តំណាងគណបក្សនយោបាយ អង្គការស៊ីវិល ក៏ដូចជាភាគីពាក់ព័ន្ធនានា បានបញ្ជាក់ពីភាពជឿជាក់របស់ខ្លួន និងប្រកាសប្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដទៃទៀតថា ទឹកថ្នាំជ្រលក់ដៃដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតនោះពិតជាមានគុណភាពល្អ ពោលជ្រលក់ហើយគឺជូត ឬលាងមិនជ្រះ ថែមទាំងគ្មានប្រតិកម្មគីមីនាំឲ្យប៉ះពាល់ចំពោះសុខភាពនោះឡើយ។
ការបង្ហាញនូវគុណភាពទឹកថ្នាំជ្រលក់ដៃនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជមនៃក្រសួងមហាផ្ទៃ បន្ទាប់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកបង្ហាញពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអះអាងថា ក្រោយពិនិត្យ និងពិសោធន៍ទឹកខ្មៅជ្រលក់ដៃមកពីប្រទេសឥណ្ឌា បានបញ្ជាក់ឲ្យឃើញថា ទឹកខ្មៅជ្រលក់ដៃដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ មានគុណភាពល្អ គឺដូចទឹកខ្មៅដែលបានប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤ផងដែរ។
លោក ចយ តឹង តំណាងគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកចូលរួមក្នុងការជ្រលក់ពិសោធន៍ទឹកថ្នាំម្នាក់ដែរនោះ បានបញ្ជាក់ថា សម្រាប់គុណភាពទឹកថ្នាំ គឺមានគុណភាពខ្ពស់ ដោយសាលោកបានជ្រលក់ហើយ លោកបានលាងដៃជាមួយទឹកធម្មតា សាប៊ូដុសខ្លួន សាប៊ូលាងបន្ទប់ទឹក និងទឹកលាងថ្នាំក្រចក ប៉ុន្តែដៃរបស់គាត់នៅតែជាប់ថ្នាំជ្រលក់ម្រាមដៃដដែល។
បន្ទាប់ពីឆ្លងកាត់ការសាកល្បងនេះហើយ លោក ចយ តឹង បានបង្ហាញភាពជឿជាក់ថា ប្រជាពលរដ្ឋប្រាកដជាមានទំនុកចិត្តចំពោះទឹកថ្នាំជ្រលក់ដៃនេះ ពោលមិនបាច់ព្រួយភ័យពីការបន្លំលុបជ្រះហើយបោះឆ្នោតម្ដងទៀតឡើយ។
ដោយឡែកតំណាងគណបក្សពន្លឺថ្មី លោក ហ៊ាង ម៉ាស៊ី បានបញ្ជាក់ តាមមើលឃើញជាក់ស្ដែង ទឹកថ្នាំជ្រលក់ដៃនេះ ពិតជានៅដានជាប់នឹងម្រាមដៃរបស់ប្រាកដមែន។ លោកអះអាងថា បន្ទាប់ពីជ្រលក់ដៃហើយលោកបានលាងដៃជាមួយមេសាប៊ូ និងទឹកលាងជម្រះដទៃទៀតផងដែរ ប៉ុន្តែលទ្ធផលបង្ហាញមក គឺដានទឹកថ្នាំរបស់ គ.ជ.ប នៅតែនៅជាប់នឹងដៃរបស់លោកដដែល។
លោកក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានដែរថា ទឹកថ្នាំជ្រលក់ដៃដែលនឹងយកទៅប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោតខាងមុខ ប្រាកដជាប្រើបាន អាចឲ្យប្រជាពលរដ្ឋជឿជាក់បាន ហើយក៏មិនអាចឲ្យជនទុច្ចរិតក្លែងបន្លំ បំភ័ន្តមហាជនបានដែរ។
ក្រៅពីតំណាងបក្សនយោបាយតំណាងអង្គការសង្គមស៊ីវិល ក៏បានជឿជាក់ចំពោះគុណភាពទឹកថ្នាំជ្រលក់ដៃនេះផងដែរ។ លោកស្រី ផាន សុវណ្ណចរិយា ប្រធានសមាគមអតីតអ្នកបម្រើជាតិ ក៏បានបញ្ជាក់ដែរថា គុណភាពទឹកថ្នាំជ្រលក់ដៃនេះពិតជាមានគុណភាពល្អ១០០% ត្រឹមត្រូវតាមការបញ្ជាក់របស់ គ.ជ.ប ពីព្រោះក្រោយពីជ្រលក់ដៃ លាងគ្រប់ទឹកលាងជម្រះ និងច្រើនដំណាក់កាលហើយ នៅតែមិនជ្រះស្អាតដូចដៃធម្មតាឡើយ។
លោកស្រី សុវណ្ណចរិយា បានអះអាងថា ក្នុងពេល និងក្រោយពេលជ្រលក់ដៃរួចហើយ ម្រាមដៃរបស់អ្នកពិសោធន៍គ្មានប្រតិកម្ម និងប៉ះពាល់ដល់សុខភាព ដូចមតិមួយចំនួនលើកឡើងនោះឡើយ។ លោកស្រីក៏អំពាវនវាដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត កុំមានការព្រួយបារម្ភចំពោះគុណភាព និងផលប៉ះពាល់របស់ទឹកថ្នាំជ្រលក់ដៃនេះឲ្យសោះ។
សូមជម្រាបថា ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងអស់នោះមានចំនួន ៥១,០០០ដប ក្នុង១ដបមានចំណុះ ៧០មីលីលីត្រ ហើយដបនីមួយៗមានសារធាតុប្រាក់នីត្រាត ២៥%។ គ.ជ.ប បានចំណាយប្រមាណ ៨ម៉ឺនដុល្លារអាមេរិក ដើម្បីទិញទឹកថ្នាំជ្រលក់ដៃទាំងនេះពីប្រទេសឥណ្ឌា៕