(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៨ដោយអនុវត្តនូវចក្ខុវិស័រយៈពេលវែង របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចការពារធនធានធម្មជាតិ និងគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ និងសត្វព្រៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្រុក កងកម្លំាងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះ លោក សុខ លូ បានលើកឡើងថា «ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពកំណើននៃសេដ្ឋកិច្ចជាតិ ដូច្នេះ យើងត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដំាដើមឈើឲ្យបានគ្រប់ៗគ្នា»

លោកបានបញ្ជាក់ថា ទិវានេះ មិនមែនធ្វើតែនៅក្នុងខេត្តកំពង់ធំប៉ុណ្ណោះទេ គឺប្រារព្ធធ្វើនៅទីកន្លែងផ្សេងៗទៀតទូទាំងប្រទេស ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យចូលរួមដំាដុះដើមឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង្ស និងអភិវឌ្ឍន៍ធនធានទាំងនេះឲ្យកាន់តែសំបូរឡើងថែមទៀត។

លោកបន្ថែមទៀតថា ព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងសារៈសំខាន់ណាស់ ចំពោះសង្គមជាតិ មនុស្សជាតិ និងសត្វលោក ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញចោលមកវិញនូវឧស្ម័នអ៊ុកស៊ីសែន កាត់បន្ថយជាតិកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបំាងការពារខ្យល់ព្យុះទៀតផង។ មិនតែប៉ុណ្ណោះ ព្រៃឈើក៏បានរួមចំណែកដល់អេកូទេសចរណ៍ដែលបង្កើតការងារ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកទស្សនាកំសាន្តជាដើម។

លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ និងសិស្ស-និស្សិត យកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាមនុស្សជាតិទាំងមូល។

ក្នុងនោះលោកអភិបាលខេត្ត បានចែកកូនឈើដល់ប្រជាពលរដ្ឋ ដើម្បីយកទៅដំាតាមលំនៅដ្ឋាន និងចូលរួមដាំកូនឈើមានតម្លៃចម្រុះជាច្រើនមុខ ក្រោមដំណក់ទឹកភ្លៀងយ៉ាងត្រជាក់ត្រជុំ ក្នុងគោលបំណង សំដៅប្រែក្លាយតំបន់នេះ ឲ្យពោរពេញទៅដោយព្រៃឈើសំបូរបែប ដែលអាចបង្កើតជាគំរបពណ៌បៃតងខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើងនូវ សោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រងផងដែរ៕