(ភ្នំពេញ)៖ សណ្ឋាគារបស់ប្រទេសកម្ពុជាមួយ មានឈ្មោះថា «Palace Gate Hotel & Resort» បានទទួលចំណាត់ថ្នាក់លេខ១ ជាសណ្ឋាគារមានភាពល្អប្រណិត ទាំងសេវាកម្ម រចនាបថ និងទាក់ទងប្រវត្តិសាស្ត្ររបស់ប្រទេស ហើយត្រូវបានជាប់ក្នុងកម្មវិធី «Prix Villegiature Awards 2018» នៅក្នុងប្រទេសបារាំង ក្នុងចំណោមសណ្ឋាគារប្រមាណ៥៣ នៅអាស៊ីបូព៌ា ដែលបានជ្រើសរើស ដោយគណៈកម្មការ ក្នុងការដាក់ប្រកួតប្រជែង។
អ្នកគ្រប់គ្រងទូទៅប្រចាំសណ្ឋាគារ «Palace Gate Hotel & Resort» លោក ធី សុធា បានថ្លែងនៅក្នុងពិធីសន្និសីទបង្ហាញ ឲ្យដឹងពីជយលាភី នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នេះ ឲ្យដឹងថា ការទទួលបានពានរង្វាន់ «Prix Villegiature Awards 2018» ពីប្រទេសបាំរាំងនៅពេលនេះ គឺជាជោគជ័យទាំងមិននឹកស្មានដល់ ខណៈដែលសណ្ឋាគារ Palace Gate ទើបតែបើកទទួលភ្ញៀវជាតិ និងអន្តរជាតិ បានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ។ អ្វីដែលជាចំណុចពិសេស សម្រាប់សណ្ឋាគាររហូតមានការបោះឆ្នោត ឲ្យជាប់ចំណាត់ថ្នាកលេខ១នេះ គឺមានកត្តារួមផ្សំសំខាន់ជាច្រើនរួមមាន ផ្នែកស្ថាបត្យកម្មរបស់សណ្ឋាគារ ទាក់ទងនឹងវប្បធម៌សម័យបុរាណ ជាសំណង់មានអាយុកាលជាង១០០ឆ្នាំ (សំណង់សល់ពីសម័យបារាំង) មានបិទរូបថតទាក់ទងនឹងប្រវត្តិសាស្រ្ត របស់ប្រទេសកម្ពុជា និងការដាក់តាំងគំនូរ បង្កប់ដោយអត្ថន័យវប្បធម៌ខ្មែរពីជំនាន់ដើម។
លោកបានបន្តថា ម្យ៉ាងទៀត ការទទួលបាននូវការផ្ដល់មតិរិះគន់ស្ថាបនាល្អៗ ពីបណ្ដាភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកស្នាក់នៅ និងទទួលសេវាពីសណ្ឋាគារ ក៏ជាផ្នែកមួយជម្រុញឲ្យសណ្ឋាគារ មានការកែលំអ និងរិះរកអ្វីដែលជាភាពទាក់ទាញ ហើយពង្រឹងគុណភាពសេវាកម្ម ក្នុងសណ្ឋាគារទាំងមូល ឲ្យស្របតាមស្ដង់ដារអន្តរជាតិ។
លោក ធី សុធា បានបញ្ជាក់ទៀតថា ក្នុងចំណោមសណ្ឋាគារចំនួន៥៣ ដែលបានដាក់ពាក្យប្រកួតប្រជែងយកពានរង្វាន់ «Prix Villegiature Awards 2018» គឺមានតែសណ្ឋាគារ «Palace Gate Hotel & Resort» របស់កម្ពុជាមួយទេ ដែលទទួលចំណាត់ថ្នាក់លេខ១ ហើយពានរង្វាន់នេះ ថ្នាក់ដឹកនាំរបស់សណ្ឋាគារ នឹងត្រូវទៅទទួលយកនៅក្នុងទីក្រុងបារីស ប្រទេសបារាំងដោយផ្ទាល់ នៅអំឡុងខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ៕