(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យគណៈបញ្ជាការឯកភាពរដ្ឋាភិបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំសហការីអញ្ជើញទៅបំពាក់ឯកសណ្ឋានប្រជាការពារចំនួន ១០សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន០២ គ្រឿង ជាលើកទី២ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
ក្នុងដំណើរអញ្ជើញទៅបំពាក់ឯកសណ្ឋាននេះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផ្សព្វផ្សាយក្រើនរំលឹកពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ចំណុចរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ និងប្រជាការពារនៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១០ សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន ០២គ្រឿង ជាលើកទី២ផងដែរ។
ក្នុងឱកាសនេះ លោកបានសង្កត់ធ្ងន់នូវភារកិច្ចចំនួន៤ចំណុចបន្ថែមទៀត ដែលក្នុងនោះរួមមាន៖
ទី១៖ ប្រជាការពារ គឺជាកម្លាំងនៅមូលដ្ឋានផ្ទាល់ ដើម្បីជំនួយឲ្យសមត្ថកិច្ចនគរបាលប៉ុស្ត៍រដ្ឋបាល ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួន។
ទី២៖ ប្រជាការពារត្រូវតែអនុវត្តន៍តាមសិទ្ឋ និងតួរនាទីភារកិច្ច ដែលមានចែងនៅក្នុងសៀវភៅគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានម៉ត់ចត់។
ទី៣៖ ប្រជាការពារ មិនត្រូវប្រើប្រាស់ឯកសណ្ឋាន ដែលមានសញ្ញាជាកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលជាអំពើខុសច្បាប់។
ទី៤៖ ប្រជាការពារត្រូវតែបម្រើប្រជាជនដោយស្មោះត្រង់ ហើយត្រូវធ្វើជាគម្រូល្អ មិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់សតិអារម្មណ៍ប្រជាជនជាដាច់ខាត៕