(ស្វាយរៀង)៖ លោកបណ្ឌិត ជ័យ សុន បេក្ខភាពតំណាងរាស្ត្រមណ្ឌលស្វាយរៀង សម្រាប់អាណត្តិទី៦ បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ក្រោមដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធានាបាននូវសុខសន្ដិភាព ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។
ការគូសបញ្ជាក់យ៉ាងដូច្នេះ របស់លោកបណ្ឌិត ជ័យ សុន បានធ្វើក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការឃុំកំពង់ចក ដែលមានអ្នកចូលរួម២៧០នាក់ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
មុននឹងចាប់ផ្ដើមកម្មវិធី លោកបណ្ឌិត ជ័យ សុន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស។
ជាមួយគ្នានោះ លោកបណ្ឌិត ជ័យ សុន ក៏បានលើកឡើង ពីស្នាដៃ និងសមទ្ធិផលជាច្រើន ដែលសម្រេចបានដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ជាក់ស្ដែងនៅខេត្តស្វាយរៀងផ្ទាល់ ឃើញថាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង មានដូចជាស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គ ដែលជាសមិទ្ធផលដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា។ នៅខេត្តស្វាយរៀង ក៏មានសាកលវិទ្យាល័យដែលជួយសម្រួលដល់ការសិក្សារបស់យុវជនជំនាន់ក្រោយៗ កាន់តែងាយស្រួលមិនធ្វើដំណើរឆ្ងាយពីផ្ទះទៅទីក្រុង ហើយក្រៅពីនេះ មានផ្លូវ ថ្នល់ ប្រព័ន្ធទឹកភ្លើង និងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗនៅក្រុងបាវិត ដែលជួយជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ កាន់តែធូធារឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
បេក្ខភាពតំណាងរាស្ត្រមណ្ឌលស្វាយរៀងរូបនេះ បានគូសបញ្ជាក់ថា ចំណុចសំខាន់ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាន គឺគណបក្សប្រជាជនកម្ពុជា ធានាបាននូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងជាគណបក្សតែមួយគត់ដែល មានភាពចាស់ទុំ ក្នុងស្ថានភាពនយោបាយ ដោយមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ដឹកនាំប្រទេសជាតិ និងបានលះបង់ជាច្រើន សម្រាប់រំដោះប្រទេសជាតិ។
ទន្ទឹមគ្នានោះ លោកបណ្ឌិត ក៏បានរំលឹកពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបង្រួបបង្រួមជាតិ ឲ្យកងកម្លាំងយោធារបស់ប្រទេសជាតិ ស្ថិតក្នុងការគ្រប់គ្រងតែមួយ នៅឆ្នាំ១៩៩៨ ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព មានការអភិវឌ្ឍន៍ មានការរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកបណ្ឌិត ជ័យ សុន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយប្រធានក្រុមសូមជួយដឹកជញ្ជូនកូនក្រុមទៅបោះឆ្នោត បើសិនពួកគាត់គ្មានមធ្យោបាយធ្វើដំណើរ ដោយមិនត្រូវពាក់អាវឬពួកគណបក្សនយោបាយទៅមណ្ឌលបោះឆ្នោតជាដាច់ខាត។
ជាមួយគ្នានេះ លោកបណ្ឌិត ប្រាប់ឲ្យសមាជិកសមាជិក សូមកុំជឿលើការញុះញុងរបស់ក្រុមអគតិមួយចំនួន ដែលរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ដូច្នេះសូមបងប្អូនកុំជឿការញុះញុងទាំងនោះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ និងរូបសញ្ញា «ទេវតាបាចផ្កា» ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍៕