(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទកាសែត បង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអះអាងថា គ.ជ.ប បានដាក់បណ្តឹងទៅកាន់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការលើអ្នកទូរស័ព្ទ ដែលបានប្រើពាក្យអសុរស និងប្រមាថលើស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប និងលើប្រព័ន្ធផ្សព្វផ្សាយទាំងឡាយណាដែលប្រឆាំង និងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត គឺជាទង្វើខុសច្បាប់។
អគ្គលេខាធិការ គ.ជ.ប រូបនេះ បានថ្លែងយ៉ាងដូច្នេះ៖ «ការចាត់វិធានការណ៍ទៅចំពោះការប្រឆាំង រំខាន់ដល់ការបោះឆ្នោត ធ្វើឱ្យប៉ះពាល់ ដល់ដំណើរការបោះឆ្នោត ជាអំពើខុសច្បាប់ អញ្ចឹងទេ គ.ជ.ប បានចាត់វិធានការណ៍បានខ្លះហើយ ឧទាហរណ៍ថ្មីៗនេះ នៅពេលដែលយើងបានទូរស័ព្ទដើម្បីបញ្ជូនឱ្យប្រជាពលរដ្ឋសួរពីបញ្ហាទៅបោះឆ្នោត សួរបញ្ហាឈ្មោះរបស់គាត់នៅក្នុងបញ្ជីបោះឆ្នោត មានអ្នកទូរស័ព្ទមករំខាន ហើយនិយាយសម្តីចំអេសចំអាសមិនសមរម្យ អីឡូវនេះ យើងបានបញ្ជូណទៅកាន់គណៈបញ្ជាការសន្តិសុខបោះឆ្នោត ដើម្បីចាត់វិធានការណ៍លើជនទាំងនោះតាមផ្លូវច្បាប់»។
ទទ្ទឹមនឹងនេះលោក ទេព នីថា បានបន្តថា ជាទូទៅ គ.ជ.ប ត្រូវការពារផលប្រយោជន៍ ពីការបោះឆ្នោត ការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការពារលទ្ធប្រជាធិបតេយ្យ ក្នុងករណីណាមួយដែលល្មើសច្បាប់ គ.ជ.ប ដែលមានសមត្ថកិច្ចលើចមណាត់ការនេះ នឹងចាត់ការតាមផ្លូវច្បាប់ផងដែរ។
យ៉ាងណាក៏ដោយ លោក ទេព នីថា មិនបានលម្អិតពីការប្រើពាក្យអសុរស ប្រមាថលើអ្នកហៅទូរស័ព្ទ មកលើស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប នោះឡើយ៕