(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្រុក នាំថវិកា​បេឡាមរណៈសង្រ្គោះចំនួន៤លានរៀល ដែលជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនដល់ដៃគ្រួសារសពអតីតយុទ្ធជន នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បាននាំនូវការផ្តាំផ្ញើ​ចូលរួមរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, លោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដល់គ្រួសារសពអតីតយុទ្ធជន​ផងដែរ។

លោកបន្តថា ការបាត់បង់ជីវិតរបស់អតីតយុទ្ធជនរូបនេះ គឺជាការបាត់បង់ធនធានមនុស្សមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងសង្គមជាតិ ហើយលោកក៏បានរលឹកនូវវីរៈភាពដ៏អង់អាចក្លាហ៊ាន របស់សពអតីតយុទ្ធជនរូបនេះ ដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។​

ដោយមើលឃើញនូវការលះបង់ដ៏ធំធេងរបស់​អតីតយុទ្ធជននេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន បានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើង ដែលមានរូបសម្តេចជាប្រធានសមាគម គឺក្នុងគោលបំណងជួយ​អតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ពោលគឺមិនទុកឲ្យអតីតយុទ្ធជន​ណាមួយ រស់នៅក្នុងភាពឯកោនោះឡើយ។

លោកឧត្តមសេនីយ៍ ច័ន្ទ សុភ័ក្ត្រា បានឲ្យដឹងថា​ អតីតយុទ្ធជនដែលទទួលម​រណភាពមាន ឈ្មោះ យុទ្ធ សុខុម ភេទប្រុស អាយុ៥៥ឆ្នាំ ជានិវត្តន៍ជន រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានទទួលមរណភាព នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយរោគគាពាធ៕​