Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រមណ្ឌលព្រៃវែង លោក ស សុខា ជួបសំណេះសំណាលជាមួយកុមារកំព្រា និងពិការ

17-07-2018 12:19

(ព្រៃវែង)៖ តំណាងរាស្រ្ត​មណ្ឌលព្រៃវេង លោក ស​ សុខា បានថ្លែងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់បងប្អូនពិការ និងកុមារកំព្រាជានិច្ចកាល។ ក្នុងនោះ ដើម្បីលើកកម្ពស់តម្លៃជនពិការ រាជរដ្ឋាភិបាល បានបង្កើតច្បាប់ស្ដីពីជនពិការ ដោយតម្រូវឲ្យទទួលជនពិការធ្វើការទាំងរដ្ឋ និងឯកជន។ តម្រូវឲ្យតាមអគាររដ្ឋ ឯកជន តាមទីសាធារណៈ ត្រូវធ្វើជម្រាលសម្រាប់ជនពិការងាយធ្វើដំណើរចេញចូលចុះឡើង។

ពិធីសំណេះសំណាលនេះ រៀបចំនៅមណ្ឌលកុមារកំព្រាខេត្ត។ ក្រៅពីកុមារកំព្រាក្នុងមណ្ឌលនេះ នៅមានប្អូននារីពិការមកពីសហព័ន្ធនារីពិការផងដែរ។ ក្នុងនោះ ក៏មានការចូលរួមពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងក្រុមការងារផសេងៗទៀត។

ចំណែកកុមារកំព្រាវិញលោក ស សុខា ថ្លែងលើកទឹកចិត្តថា ជាការពិត ប្អូនៗទាំងអស់កំព្រាដោយសារឪពុកម្ដាយស្លាប់ព្រោះជំងឺអេដស៍ ឬគ្រោះថ្នាក់សង្គមផ្សេងទៀត ប៉ុន្តែប្អូនៗមិនឯកោទេ។ ប្អូនៗមានអ្នកយកចិត្តទុកដាក់ មានភាពកក់ក្ដៅ ពិសេស ប្អូនៗ មានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួន ដើម្បីឈានទៅមុខ។ អ្វីដែលសំខាន់ ប្អូនៗត្រូវតែរឹងប៉ឹង ត្រូវតែជឿជាក់លើខ្លួនឯង ហើយដាក់ក្ដីសុបិន ឫគោលដៅទៅមុខឲ្យច្បាស់ រួចធ្វើដំណើរពីមួយជំហានទៅមួយជំហាន។

លោកបន្តថា ក្នុងនាមយុវជនម្នាក់ និងក្រុមការងារ «ខ្ញុំនឹងបន្តគាំទ្រ ផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗ តាមរូបភាពនានា ដោយប្រឹងឲ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន។ ជាអាទិ៍ ដូចជា ការគងកៀរជំនួយឧបត្ថម្ភជីវភាពរស់នៅ និងការសិក្សា។ ជំរុញលើកទឹកចិត្តការសិក្សាបន្តរបស់ប្អូនៗ តាមរយៈការស្វែងរកអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសជូនប្អូនៗ។ ក្រៅពីនេះ ក៏នឹងស្វែងរកឱកាសការងារទាំងក្នុងវិស័យឯកជន និងក្របខណ្ឌរដ្ឋជាដើម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»