(ចិន)៖ កញ្ចប់ដំបូងនៃគម្រោងកម្មវិធីបង្រៀនថ្នាក់ជាតិ អំពីការពិសោធន៍ ដោយប្រើប្រាស់រូបនិម្មិត ត្រូវបានដាក់ចេញហើយដោយក្រសួងអប់រំ របស់ប្រទេសចិន។ គម្រោងនេះ មានបំណងផ្ដល់ការអប់រំជាក់ស្ដែងដល់សិស្ស តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យារូបនិម្មិត នៅតាមថ្នាក់រៀន។
គម្រោងរូបនិម្មិតចំនួន១០៥ គម្រោងត្រូវបានបញ្ចេញជាសាធារណៈ ហើយត្រូវបានចែកទៅតាមប្រភេទផ្សេងៗរួមមាន ជីវសាស្ត្រ គ្រឿងយន្ត ព័ត៌មានអេឡិចត្រូនិច សារគមនាគមន៍ ការដឹកជញ្ចូន និងវិទ្យាសាស្ត្រសុខាភិបាល។
នៅឯសាកលវិទ្យាល័យ ជៀវ តុង (Jiao Tong) ក្នុងទីក្រុង សៀងហៃ បច្ចេកវិទ្យារូបនិម្មិត និងការពុម្ព 3D ត្រូវបានយកមកអនុវត្តក្នុងការបង្រៀន អំពីជំងឺបេះដូងពីកំណើត ដែលកើតឡើងទៅលើកុមារតូច។ បច្ចេកវិទ្យាជឿនលឿននេះ មិនត្រឹមតែផ្តល់ឲ្យសិស្សបានឃើញ នូវរូបភាពវះកាត់ពិតៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយនូវភាពលំបាក ក្នុងការប្រមូលសំណាកវិភាគផ្សេងៗ ក៏ដូចជាកាត់បន្ថយពេលវេលាបង្ហាញត់ផងដែរ។
លោក អ៊ូ យ៉ាន់ ប្រធាននាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ ថ្លែងថា «ដូច្នេះ ពួកយើងអាចនិយាយបានថា រូបនិម្មិត ជួយដោះស្រាយបញ្ហារបស់ពិភពលោក ក្នុងការបង្រៀន និងការអនុវត្តការពិសោធន៍ជាក់ស្ដែងនានា។ បច្ចេកវិទ្យានេះក៏បានបំពេញចំណុចខ្វះខាត នៃសមត្ថភាពអនុវត្តមិនគ្រប់គ្រាន់ របស់សិស្សមហាវិទ្យាល័យក្នុងប្រទេសចិនផងដែរ»។
យោងតាមក្រសួងអប់រំរបស់ប្រទេសចិន គិតត្រឹមឆ្នាំ ២០២០ គម្រោងធ្វើនិទ្សន៍ ចំនួន១,0០០ គម្រោង សម្រាប់ការបង្រៀនពិសោធន៍ ដោយប្រើរូបនិម្មិត នឹងត្រូវបានដាក់ឲ្យអនុវត្ត។
លោក អ៊ូ យ៉ាន់ ប្រធាននាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ ថ្លែងថា «ដូច្នេះពួកយើងគិតថា ប្រសិនបើពួកយើងបន្ត ផ្សព្វផ្សាយគម្រោងរូបនិម្មិតនេះ វានឹងដើរតួនាទីសំខាន់ក្នុងការកែលម្អគុណភាពអប់រំ នៅថ្នាក់ឧត្តមសិក្សាក្នុងប្រទេសចិន លើកកម្ពស់ភាពត្រឹមត្រូវយុត្តិធម៌ និងបណ្ដុះអ្នកជំនាញទេព្យកោសល្យផងដែរ។ នេះជាមធ្យោបាយមានប្រសិទ្ធភាព និងជានវានុវត្តន៍មួយផងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)