(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បានបើកសវនាការប្រកាសសាលក្រម ដោយបានសម្រេចដោះលែង បុរសជាតៃកុងរថយន្តធុនធំ ដែលបានបុកមនុស្សស្លាប់នៅខណ្ឌព្រែកព្នៅឲ្យត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា លោក រស់ ពិសិដ្ឋ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ បានបើកសវនាការកាត់ទោស (ជម្រះផ្ទាល់) ជនជាប់ចោទឈ្មោះ អៀ សាវុធ អាយុ៣០ឆ្នាំ មុខរបរអ្នកបើករថយន្ត ស្នាក់នៅភូមិព្រៃដុះ ឃុំស្វាយអំពៀ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមបទចោទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តកាលពីយប់ថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥A មុខមណ្ឌលសុខភាពព្រែកព្នៅ ជិតផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
គួររំលឹកថា កាលពីយប់កើតហេតុ ជនជាប់ចោទខាងលើ ស្រវឹងស្រាជោកជាំ បានបើករថយន្តកុងតឺន័រ សណ្តោងរឺម៉កដែលមានក្បាលពណ៌ ស ពាក់ស្លាកលេខចង្កូតស្តាំ PP-0198 បុករថយន្តម៉ាក KIA ក្បាល ព័ណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 2A-0545 កំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ យិន ចាន់ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ត្រី ជនជាតិខ្មែរ ស្នាក់នៅភូមិ ត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕