(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ វាផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដូចជា ផ្តល់មកនូវម្លប់ ផ្លែផ្កា អុសសំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។
លោក វ៉ី សំណាង បានលើកឡើងដូចនេះនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីរាជការជុំវិញខេត្តកំពង់ស្ពឺ លោកមេឃុំ មេភូមិប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ ដោយបាននាំកូនឈើរបស់មន្ទីរកសិកម្មខេត្តចំនួនជាង៨០០ដើម ក្នុងនោះមានកូនឈើប្រភេទក្រញូង បេង ទៅដាំចំនួន២កន្លែងក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្តបន្តថា ការដាំកូនឈើ គឺផ្តើមដោយបុណ្យរុក្ខទិវា ដែលជាវប្បធម៌ដ៏ឧត្តម ដែលប្រជាជាតិកម្ពុជាបានចូលរួមយ៉ាងសកម្ម និងធ្វើឱ្យសកម្មភាពនៃទិវានេះមានជារៀងរហូតនៅក្នុងសង្គមជាតិយើង ដែលធ្វើឱ្យតំបន់ដីព្រៃរេចរិល ដាំដុះដីព្រៃឈើឡើងវិញ និងចូលរួមការពារព្រៃឈើដែលមានឱ្យគង់វង្សកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយយើងសង្កេតឃើញថាការដាំដើមឈើនេះ មានការចូលរួមពីសំណាក់ មហាជនជាច្រើន ជាពិសេសយុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ហើយការដាំដើមឈើនេះមានគោលបំណង ថែរក្សា ការពារ និង បណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញ ដែលនាំឱ្យឈានទៅរកការបាត់បង់បន្តិចម្តងៗ។
លោកបានបន្តទៀតថា ហេតុដូចនេះហើយ យើងទាំងអស់គ្នាដែលជាអ្នកទទួលប្រយោជន៍ ពីដើមឈើនោះ គប្បីចូលរួម ដាំ ថែរក្សាការពារ និងស្រឡាញ់ ព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ខ្លូនយើងផ្ទាល់ ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ៕