(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ អមដំណើរដោយ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំបេក្ខភាពតំណាងរាស្ត្រអណត្តិទី៦ ជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក មាស សុភា ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្ស សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេច សាយ ឈុំ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជូនចំពោះសមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់ៗរូប។
លោក មាស សុភា បានបន្តទៀតថា ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ក្រៅពីបានរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋរួចផុតពីរបបប្រលយ័ពូជសាសន៍នោះ បានធ្វើការកសាងប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ ហើយប្រជាពលរដ្ឋក៏មានជីវភាពធូរធាផងដែរ។
លោក មាស សុភា បានធ្វើការអំពាវនាវឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត ដើម្បីដឹកនាំប្រទេសយើង ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាងនេះជាបន្តទៀត។
លោក មាស សុភា បានបន្តទៀតនៅក្នុងអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ គឺមានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ដូច្នេះសូមបងប្អូនបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
ដោយឡែក លោក អ៊ុន ចាន់ដា ក៏បានជម្រាបជូនប្រជាពលរដ្ឋក៏ដូចជាសមាជិកបក្ស ដោយបានបង្ហាញខ្លួននូវឈ្មោះបេក្ខជនដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅមណ្ឌលខេត្តព្រះវិហារ ឱ្យបងប្អូនបានស្គាល់ ដែលបេក្ខភាពឈរលេខរៀងទី១ពេញសិទ្ធ គឺលោក មាស សុភា លេខរៀងទី២៖លោក សួស យ៉ារ៉ា លេខរៀងទី៣៖ លោកឡុង សុវណ្ណ លេខរៀងទី៤៖ លោក ណែម វ៉ា លេខរៀងទី៥៖ លោក ខូយ ឃុនហ៊ួ លេខរៀងទី៦៖ លោក យ៉ុង គឹមហ៊ាន និងលេខរៀង ទី៧៖លោក ស្រីខូយ ប៊ុនថាន៕