(ភ្នំពេញ)៖ ប្រធានសមាគមនារីខណ្ឌមានជ័យ និងសមាជិកសមាគមទាំងអស់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បាន រៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ និងសិរីសួស្តី នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយមានការចូលរួមពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោក ឌី រ័ត្នខែមរុណ អភិបាលរងខណ្ឌមានជ័យ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិកនៃសមាគមជាច្រើននាក់ទៀត ក៏បានចូលរួមនៅក្នុងពិធីនេះផងដែរ។
លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមនេះ បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើត ឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បី ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។
បន្ថែមពីលើនេះ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ ក៏បានប្រាប់សមាជិកទាំងអស់ ឲ្យរួមគ្នាបំពេញសកម្មភាពការងារឲ្យបានល្អ ក្នុងការជួយដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដោយមិនឲ្យប្រកាន់និន្នាការនយោបាយឡើយ។
ជាមួយគ្នានោះ សមាជិកនៃសមាគមនារីខណ្ឌមានជ័យ ក៏បានប្តេជ្ញាចិត្ត ក្នុងការជួយ និងបំពេញការងាររបស់ខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់ផងដែរ ទៅលើស្រ្តី និងស្រ្តីងាយរងគ្រោះ ព្រមទាំងចាស់ជរា គ្មានទីពឹង ដើម្បីឲ្យពួកគាត់ទទួលបានការរស់នៅ ប្រចាំថ្ងៃដែលល្អប្រសើរ៕