(កំពង់ធំ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកនេះជនសង្ស័យ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» មានឈ្មោះពិត សន សំនៀង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំហើយ ដើម្បីចាត់ការតាមនីតិវិធី។
លោក អេង ហ៊ី បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកក្កដាស្អែកនេះ អាវុធហត្ថនឹងធ្វើសន្និសីទសារព័ត៌មានជុំវិញការចាប់ខ្លួន និងការប្រព្រឹត្តបទល្មើសជនសង្ស័យខាងលើនេះ។ ហើយចំពោះពេលវេលា និងទីកន្លែងដែលនឹងធ្វើរៀបចំសន្និសីទកាសែត នឹងជម្រាបជូននៅពេលក្រោយ។
សូមជម្រាបថា បុគ្គលឈ្មោះ សន សំនៀង នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានមួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
ឈ្មោះ «យមរាជ លោកកីយ៍» មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី, និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕