(ប៉ៃលិន)៖ លោក អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តប៉ៃលិន បានថ្លែងទៅកាន់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋថា បើយើងចង់បានសុខសន្តិភាព សិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍលើគ្របវិស័យ សូមប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ព្រមទាំងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៅអាណត្តិនេះ និងអាណត្តិបន្តៗទៀត។
លោក អ៊ី ឈាន បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោកបានអញ្ជើញឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោត នៅភូមិអូរប្រើស អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ដែលអមដំណើរដោយ លោក ហុក សុផល ប្រធានក្រុមការងារចុះជួយសង្កាត់អូរតាវ៉ៅ ព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។
លោក អ៊ី ឈាន បានលើកឡើងបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជា ដោយបានក្រោកឡើងរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយថែមទាំងបានកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ បានល្អប្រសើរឡើងជាលំដាប់។ ដូច្នេះយើងទាំងអស់គ្នាត្រូវដឹងគុណដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នា ហើយខេត្តប៉ៃលិនយើង គឺលោកជំទាវ បាន ស្រីមុំ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា។
លោក អ៊ី ឈាន បានមានប្រសាសន៍បន្តទៀតថា ក្រៅពីរក្សាបាននូវសុខសន្តិភាព រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាងនូវសមិទ្ធផលជាច្រើនដូចជា៖ រោងចក្រ សហគ្រាស សាលារៀន មន្ទីរពេទ្យ សំណង់ធារាសាស្ដ្រ វត្ដអារ៉ាម ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងដោះស្រាយរាល់ការលំបាក និងសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ព្រមជាមួយគ្នានេះលោកក៍បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នារក្សានូវសុខសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយដាច់ខាតកុំជឿពាក្យញុះញង់របស់ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលនេះជាទង្វើផ្ទុយនឹងច្បាប់ទាំងស្រុង៕