(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំប្រជុំផ្សព្វផ្សាយពីផែនការចាំបាច់ ដែលត្រូវអនុវត្តចំពោះមុខ ដល់ថ្នាក់ដឹកនាំក្នុងជួរនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីត្រៀមលក្ខណៈឲ្យទាន់ពេលវេលា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ។
កិច្ចប្រជុំដ៏មានសារៈសំខាន់ សម្រាប់កម្លាំងនគរបាលខេត្តកំពង់ចាមនេះ ក៏មានការចូលរួមពី លោក-លោកស្រីស្នងការរង អនុប្រធានផែនជំនាញ នាយការិយាល័យគ្រប់រូប លោកអធិការស្រុកក្រុងទាំង១០ សរុបចំនួន៦០រូប។
បើតាមលោកឧត្ដមសេនីយ៍ស្នងការ កិច្ចប្រជុំនេះបានផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងនៅមួយថ្ងៃ មុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨, សេចក្ដីណែនាំអំពីការប្រើប្រាស់មធ្យោបាយ សម្ភារ និងសកម្មភាពមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលជាតិ ក្នុងដំណើរការឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងលទ្ធផលការងារពាក់ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងកំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើស រយៈពេល៩ថ្ងៃកន្លងមក។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរលឹកដល់កងកម្លាំងគ្រប់រូប ត្រូវពិនិត្យមើលសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងតួនាទីជាអ្នកផ្ដល់សេវា និងបម្រើសេវាជូនប្រជាពលរដ្ឋ។ បន្ថែមការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខ ពិសេសការគ្រប់គ្រងអាវុធជាតិផ្ទុះ ឲ្យបានល្អប្រសើរបន្ថែមទៀត៕