(តាកែវ)៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពទូទៅ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្ដិទី៦ និងបង្កើនការយល់ដឹងឲ្យបានច្បាស់ អំពីតួនាទី ភារកិច្ច និងការត្រៀមខ្លួនរបស់ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ឆ្ពោះទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតសកល នៅប៉ុន្មានថ្ងៃខាងមុខនេះ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ខេត្ដតាកែវ បានរៀបចំពិធីជួបសំណេះសំណាល នៅការិយាល័យបក្សស្រុកទ្រាំង ដោយមានក្រុមការងារយុវជនចូលរួមជាង៦០០នាក់។
ពិធីជូបជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក សុខ ផេង បេក្ខជនពេញសិទ្ធិតំណាងរាស្រ្ដខេត្ដតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង, លោក សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងលោក សុខ សូកេន ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះ លោក សុខ សូកេន បានលើកឡើងថា ការកសាងសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍប្រទេសជាតិប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន គឺមិនមែនបានមក ដោយចៃដន្យនោះទេ វាកើតចេញពីការខិតខំពុះពារគ្រប់ឧបសគ្គរាប់មិនអស់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្ស។
សន្តិភាព និងការអភិវឌ្ឍបានបង្កើតឱកាសសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជន ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចក្រុមគ្រួសារ កាន់តែរីកចម្រើន និងបានបង្កើតឱកាសសម្រាប់រាជរដ្ឋាភិបាល ដើម្បីធ្វើសមាហរណកម្ម ចូលក្នុងសហគមន៍អន្តរជាតិ និងទទួលបានការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។
លោកបានបន្តថា ដើម្បីចូលរួមថែរក្សាសមិទ្ធផលទាំងនេះ យុវជនទាំងអស់ត្រូវមានទំនុកចិត្ដខ្ពស់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តាមរយៈការប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្ដិទី៦នេះ។
បន្ថែមពីនេះ លោក សុខ ពុទ្ធិវុធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ លោល សុខ សូកេន ក្នុងការចូលរួមចំណែក និងសហការយ៉ាងល្អកន្លងមក ជាមួយយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងបុព្វហេតុជាតិនិងប្រជាជន។ លោកបានរំលឹកដល់សកម្មជនយុវជនបក្សស្រុកទ្រាំងទាំងអស់ ត្រូវរក្សានូវសាមគ្គីភាពផ្ទៃក្នុង ដូចដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់ ដោយឈរលើគោលការណ៍ ចង្កឹះមួយបាច់កាច់មិនបាក់ នេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនគណបក្ស។
ជាមួយគ្នានេះ លោក សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ក៏បានជំរុញយុវជនត្រូវទៅបោះឆ្នោត ព្រមទាំងជួយជំរុញដល់ក្រុមគ្រួសារ និងមិត្ដភក្តិឲ្យចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ជាចុងក្រោយ លោកប្រធានក្រុមការងារ បានណែនាំពីរបៀបគូសសន្លឹកឆ្នោត និងនីតិវិធី នៃការបោះឆ្នោតជូនសមាជិក សមាជិការ ដែលបានចូលរួមក្នុងកម្មវិធី៕