(ភ្នំពេញ)៖ ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កំពុងតែខិតជិតមកដល់បណ្ដើរៗនោះ សាធារណជន ពិសេសប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រាកដជាចង់ដឹងហើយថា ទឹកខ្មៅជ្រលក់ម្រាមដៃអ្នកបោះឆ្នោត ដែលនាំចូលពីប្រទេសឥណ្ឌានោះ មានគុណភាពល្អបែបណា មានបរិមាណប៉ុន្មាន ហើយបើគិតជាទឹកប្រាក់មានតម្លៃប៉ុន្មាន?
ចម្ងល់ទាំងនេះនឹងត្រូវបានបង្ហាញ និងបកស្រាយក្នុងកិច្ចប្រជុំស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នាវេលាម៉ោង ១០៖០០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី១៦ ខែកក្កដា លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងអស់នោះ មានចំនួន ៥១,០០០ដប ក្នុង១ដបមានចំណុះ ៧០មីលីលីត្រ ហើយដបនីមួយៗមានសារធាតប្រាក់នីត្រាត ២៥%។
លោកបានបន្តថា ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងនោះ ត្រូវបានទិញពីប្រទេសឥណ្ឌាទាំងអស់។ វាត្រូវបានដឹកមកកម្ពុជាចំនួន២ជើង ដោយជើងទី១.ដឹកមកដល់កម្ពុជានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ និងជើងទី២.ដឹកមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកក្កដា។
លោក ហង្ស ពុទ្ធា បានឱ្យដឹងទៀតថា គ.ជ.ប នឹងបញ្ជូនទឹកខ្មៅជ្រលក់ម្រាមដៃនោះ ទៅកាន់ការិយាល័យបោះឆ្នោតបន្តបន្ទាប់ទៀត ដោយទុកប្រើប្រាស់ក្នុងមួយការិយាល័យចំនួន ២ដប, យកទៅរក្សាទុកក្នុងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប ឬ PEC) ចំនួន៣,២៩២ដប និងទុកបម្រុងនៅ គ.ជ.ប ចំនួន១,៧៧៤ដប៕