(ហែលស៊ីនគី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបមួយទល់នឹងមួយជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន នៅថ្ងៃចន្ទនេះគឺជាការចាប់ផ្ដើមដ៏ល្អ បើទោះជាលោកធ្លាប់ត្រូវបានគេចោទថាមានទំនងទំនងមិនធម្មតាជាមួយទីក្រុងម៉ូស្គូក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន នៅឯសន្និសីទមួយដែលអមទៅដោយ ក្រុមមន្ត្រីកំពូលរបស់លោកជាច្រើននាក់ បន្ទាប់ពីលោកបានជួបលោកពូទីន នៅក្នុងជំនួបបិទទ្វារអស់រយៈពេលជាង២ម៉ោង ជាមួយអ្នកបកប្រែរបស់អ្នកទាំងពីរតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ជំនួបកំពូលទ្វេភាគីផ្លូវការជាលើកដំបូង រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធីបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្វើឡើងនៅឯវិមានប្រធានាធិបតី នៃទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់។ ម្យ៉ាងវិញទៀត នេះគឺជាការជួបមុខគ្នា លើកទី៣ សម្រាប់មេដឹកនាំទាំងពីរ ស្របពេលគេរំពឹងថាមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាដោះស្រាយភាពតានតឹងលើបញ្ហាជាច្រើន ក្នុងនោះរួមមានវិបត្តិនៅស៊ីរី អ៊ុយក្រែន អ៊ីរ៉ង់ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរជាដើម៕