(តាកែវ)៖ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងស្រុកគិរីវង់ បានរៀបចំពិធីជួបជុំគ្នានៅការិយាល័យបក្សស្រុក ដើម្បីចូលរួមអបអរសាទខួប១០ឆ្នាំ ប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
កម្មវិធីដ៏អធិកអធមនេះធ្វើឡើងនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សេង សក្តា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រះបាទជាន់ជុំ តំណាងលោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ អមដំណើរដោយអនុប្រធាន សមាជិក-សមាជិកា ក្រុមការងារស្រុក គណបក្សស្រុក និងប្រជាពលរដ្ឋស្រុកគិរីវង់សរុបជាង ១,០០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក សេង សក្តា បានថ្លែងជម្រាបអង្គពិធីទាំងមូលថា កម្មវិធីខួប១០ឆ្នាំ ប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុក ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺពិតជាមានអត្ថន័យធំធេងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលកិត្យានុភាពរបស់កម្ពុជាឡើងខ្ពស់ត្រដែតត្រដឹមលើឆាកអន្តរជាតិ ហើយពិភពលោកបានចាត់ទុកកម្ពុជា ជាមហាអំណាចវប្បធម៌មួយយ៉ាងពិតប្រាកដ។
លោកបានបន្តថា កម្មវិធីនេះក៏ជាការនឹករឭក និងជាការចងចាំដល់ដួងវិញ្ញាណក្ខន្ធ សម្តេវិបុលបញ្ញា សុខ អាន ប្រកបដោយអនុស្សាវរីយ៍ ដែលសម្តេចបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងបុព្វហេតុជាតិ និងប្រជាជនកន្លងមក។ ក្រោមការចង្អុលបង្ហាញ និងការចាត់តាំងផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចវិបុលបញ្ញា បានដឹកនាំការងារផ្ទាល់ក្នុងបេសកកម្មចុះបញ្ជីប្រាសាទព្រះវិហារ រហូតបានជម្នះរាល់ឧបសគ្គធំៗ បានយកឈ្នះលើសមរភូមិការទូតដ៏ស្មុគស្មាញ និងបានសម្រេចដោយជោគជ័យលើការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រកបដោយបញ្ញានុភាព និងសន្តិសហវិជ្ជមាន។
លោកបានបន្ថែមថា ប្រជាពលរដ្ឋស្រុកគិរីវង់ទាំងមូល ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានឥស្សរជនជាតិជាន់ខ្ពស់ដើមកំណើតស្រុកគិរីវង់ដ៏ឆ្នើមម្នាក់ ដែលមានស្នាដៃធំធេងដោយបានរួមចំណែក ក្នុងការកសាងជាតិមាតុភូមិឱ្យមានសុខសន្តិភាពពេញលេញ ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍលើគ្រប់វិស័យ និងលើកស្ទួយវប្បធម៌ជាតិ រហូតត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ គោរពស្នើសុំគោរមងារជូនជាសម្តេចវិបុលបញ្ញា សុខ អាន ដើម្បីឱ្យសមនឹងស្នាដៃ និងគុណបំណាច់ដ៏ធំធេង។ ដូចនេះ យុវជនខ្មែរជំនាន់គ្រប់រូបត្រូវរៀនសូត្រពីគំរូវីរភាព ការប្តេជ្ញាលះបង់របស់ថ្នាក់ដឹកនាំក្នុងដំណើរការស្វែងរក និងរក្សាសន្តិភាព ការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូរជូនជាតិ និងប្រជាជន។
លោកនអំពាវនាវដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ និងប្រជាពលរដ្ឋទាំងអស់ មេត្តាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ ក្នុងការបន្តលើកស្ទួយកិត្យានុភាពកម្ពុជា បន្តរក្សាសន្តិភាព និងការអភិវឌ្ឍ និងដើម្បីបន្តរក្សាកេរិ៍តឈ្មោះស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន៕