(ស្វាយរៀង)៖ បន្ទាប់ពីបានចុះទៅតាមបណ្តាលភូមិនានា នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង លោក ម៉ឹង សំផន អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បានបន្តចុះសួរសុខទុក្ខ ដោយផ្ទាល់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាម ភូមិនានានៅក្នុងឃុំចន្ទ្រា ឃុំច្រេស និងឃុំមេសថ្ងក ដើម្បីពិនិត្យមើលពីជីវភាពរស់នៅ ដែលប្រជាពលរដ្ឋដែលទទួលបានពីការខិតខំប្រឹងប្រែង អភិវឌ្ឍន៍មូលដ្ឋានរបស់ក្រុមកាងារនាពេលកន្លងមក។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ម៉ឹង សំផន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពសមរម្យ និងរស់នៅក្នុងភាពសុខសាន្ត ក្រោមម្លប់សន្តិភាព។
លោក ម៉ឹង សំផន ក៏បានត្រួតពិនិត្យការរៀនគូសសន្លឹកឆ្នោត និងបានណែនាំដល់ប្រជាពលរដ្ឋ ឲ្យរៀបចំឯកសារឲ្យបានត្រឹមត្រូវ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់ៗគ្នា៕