(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប បានលើកឡើងថា ការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងឱកាសសម្តេចបានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកកា គណបក្សប្រជាជនកម្ពុជា ប្រមាណ១,៥០០ នាក់ នៅស្រុកអង្គរធំ ខេត្តសៀមរាប។
សម្តេចពិជ័យសេនា បានបន្តថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះថា ដរាបណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឱ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ។
ក្នុងនោះដែរសម្តេច ក៏បានសំណូមដល់ប្រជាពលរដ្ឋ ដែលមានភូមិដ្ឋានស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ (តំបន់អប្សរា) សូមមានការអព្យាស្រ័យ ចំពោះអាជ្ញាធរមូលដ្ឋាន ដោយបច្ចុប្បន្ននេះអាជ្ញាធរខេត្ត បានធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអប្សរា ដើមី្បជាការបំពេញនូវតម្រូវការចាំបាច់ របស់បងប្អូនផងដែរ ។
សម្តេចក៏បានលើកពីសភាពការណ៍នយោបាយក្នុង និងក្រៅប្រទេសព្រមទាំងសូមឱ្យបងប្អូនកុំជឿនូវការឃោសនាអកុសលការញុះញង់ របស់ក្រុមជនអគតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិន ឱ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចបានជំរុញឱ្យសមាជិករបស់គណបក្សប្រជាជនដែលនៅតាមភូមិ-ឃុំ-សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការដូចជា៖ លោកមេឃុំ-ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈ នៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឱ្យបានប្រសើរឡើងថែមទៀត៕