(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត នៅក្នុងឃុំមេទឹក ត្រូវរួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីនាំជោគវាសនាប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ព្រមទាំងផ្តល់ភាពកក់ក្តៅសុខសាន្ត ជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងកងកម្លាំងប្រជាការពារ ជិត៣ពាន់នាក់ ទូទាំងឃុំមេទឹក ស្រុកបាកាន នៅបរិវេណវត្តទួលលៀប ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ គណៈអភិបាលខេត្ត តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។
លោក ម៉ៅ ធនិន បានថ្លែងថា ដើម្បីកុំឲ្យសន្តិភាព ស្ថិរភាព និងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្តារ និងអភិវឌ្ឍន៍កន្លងមក កុំឲ្យវិនាសបាត់បង់ទៅវិញនោះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន បន្តទៅទៀត ដើម្បីនាំជោគវាសនាប្រទេសជាតិឲ្យកាន់តែមានការអភិវឌ្ឍ ទទួលបានសមិទ្ធផលថ្មីជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ក៏ដូចទៅថ្ងៃអនាគត។
លោកបានបន្តថា សន្តិភាព និងសមិទ្ធផលទាំងអស់នេះ បើមិនមានការចូលរួមថែរក្សាការពារទេនោះ វានឹងបាត់បង់ទៅវិញជាក់ជាមិនខានឡើយ ហេតុនេះសូមប្រជាពលរដ្ឋ ត្រូវចេះថ្លឹងថ្លែងកុំជឿទៅតាមការបោកបញ្ឆោតរបស់ពួកជនអគតិមួយចំនួនតូចឲ្យសោះ ត្រូវមានជំនឿជឿជាក់មកលើអាជ្ញាធរដែនដី ជាពិសេសលោកមេឃុំ មេភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ ដែលជាឳពុកម្តាយ។
នៅក្នុងឱកាសនោះ មេឃុំមេទឹក លោក ឈាវ គុច បានលើកឡើងអំពីបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន ដូចជាផ្លូវខូចខាតចំនួន៣ខ្សែ ប្រវែង១៥គីឡូម៉ែត្រ និងសូមឲ្យជួយអន្តរាគមន៍បង្ការទប់ស្កាត់ជនល្មើសឈូសឆាយព្រៃតំបន់៣។ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ត្រីជំនាញចុះសិក្សា និងអនុវត្តន៍ផងដែរ៕