(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញមុខមក អំពាវនាវឲ្យ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍វិស័យពិការភាពនៅកម្ពុជា ជៀសជាងការរិះគន់ សកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងន័យជាន់ពន្លិច ច្រើនជាងការរិះគន់ដើម្បីស្ថាបនា។ ការអំពាវនាវរបស់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ បានធ្វើឡើងក្រោយពីមានអង្គការក្រៅរាជរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន បានរិះគន់ដល់សកម្មភាព របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យពិការភាព ដោយមិនបានឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាល បានបំពេញនាពេលកន្លងមក។
លោក ឯម ច័ន្ទមករា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើសកម្មភាពជាច្រើន ទៅតាម ដំណាក់កាលនីមួយៗ ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យពិការភាព ឲ្យរីកចម្រើនជាបន្តបន្ទាប់។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើជនមានពិការភាព ដោយបានបង្កើតច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ គិតមកដល់ពេលនេះ មានរយៈពេល៩ឆ្នាំមកហើយ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតយុទ្ធសាស្ត្រជាតិស្តីពីពិការភាព បានអនុវត្តដោយ ជោគជ័យ ក្នុងរយៈពេល ៥ឆ្នាំ។
ការបង្កើតច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ និង ការបង្កើតយុទ្ធសាស្ត្រជាតិស្តីពីពិការភាព សុទ្ធតែបានជួយដល់ជនមានពិការភាពនៅកម្ពុជា និងបានលើកកម្ពស់ ជនមានពិការឲ្យជៀសឆ្ងាយពីការរើសអើង និងមើលងាយ ជាពិសេស គឺពួកគាត់កាន់តែមានសមត្ថភាពពេញលេញ ក្នុងការប្រើប្រាស់សិទ្ធិពេញលេញ។ នេះជាការបន្ថែមរបស់ លោក ឯម ច័ន្ទមករា។
បន្ថែមពីនេះ យើងងាកមមើលពីសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការអនុវត្តពីក្រសូងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមាន លោក វង សូត ជារដ្ឋមន្រ្តី បានធ្វើសកម្មភាពជាច្រើនជាមួយដៃគូពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា ដូចជាការបង្កើតឲ្យមានជំរៀល ស្ទើគ្រប់ទីកន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនជនមានពិការភាព។
លោក ឯម ច័ន្ទមករា បានបន្តថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសេនាធិការរបស់ក្រសួងសង្គមកិច្ចផ្ទាល់ បានរួមសហការជាមួយ ស្ថាប័នក្រសួងជាច្រើនដូចជា ក្រសួងទេសចរណ៍ ក្រសួងដែនដី នគរូបនីយកម្ម ក្រសួងសុខាភិបាល និងស្ថាប័នជាច្រើនទៀត ដោយផ្តល់ភាពងាយស្រួលដល់ជនមានពិការភាព និងជាពិសេសផ្តល់ការងារ ជាអាទិភាពជូនចំពោះ ជនមានពិការភាព ក្នុងការបំពេញការងារ ដូចមនុស្សទូទៅ។
លោក ឯម ច័ន្ទមករា តំណាងរដ្ឋមន្រ្តី វង សូត បានវាយតម្លៃខ្ពស់ ស្ថានភាពជនមានពិការភាពនៅកម្ពុជា បានប្រែប្រួលមានលក្ខណៈល្អប្រសើរយ៉ាងដូច្នេះ អាស្រ័យដោយការយកចិត្តទុកដាក់ដល់សុខុមាលភាពជនមានពិការភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនប្រកាន់និន្នាការនយោបាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ការរើសអើងជនមានពិការភាពត្រូវបានកាត់បន្ថយយ៉ាងច្រើន ការយកចិត្តទុកដាក់អាណិតស្រលាញ់ក៏ត្រូវបានផ្តល់ដល់ជនមានពិការភាពពីគ្រប់មជ្ឈដ្ឋាន ដោយលោក ឯម ច័ន្ទមករា ថានេះគឺជាជាសក្ខីភាពមិនអាចប្រកែកបាន។ ស្ថានភាពរស់នៅរបស់ជនមានពិការភាពក៏ត្រូវបានមានការវិវឌ្ឍន៍ រស់នៅដោយសមរម្យ។
ការព្យាបាលសុខភាពជនមានពិការគឺជាបន្ទុករបស់រដ្ឋ ការព្យាបាលកាយសម្បទា និងការផ្តល់ឧបករណ៍ស្តារកាយសម្បាទាសិប្បនិមិត្តក៏ត្រូវបានបើកផ្តល់ដោយរដ្ឋ ចំពោះការសិក្សាអប់រំ ក៏ត្រូវបានដាក់បញ្ចូលក្នុងទៅក្នុងថ្នាក់សមាហរណ៍កម្ម, កំណើនការងារនិងមុខរបររបស់ជនមានពិការភាពក៏បានលើកទឹកចិត្តខ្ពស់, ការបង្ករលក្ខណៈងាយស្រួលដល់ជនមានពិការភាពក៏ត្រូវបានគិតគូរនិងកែសម្រួល។ល។ នេះបើតាមអ្វីដែលអគ្គលេខាធិការ លោក ឯម ច័ន្ទមករាបញ្ជាក់បន្ថែម។
លោក ឯម ច័ន្ទមករា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ
បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន សង្គមស៊ីវិល សារព័ត៌មានជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋទាំងអស់ ពិសេសជនមានពិការភាពទាំងអស់ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិនិងសុខុមាលភាពជនមានពិការភាពនៅកម្ពុជាឱ្យមានការរីកចំរើនដូចសព្វថ្ងៃ៕