(ភ្នំពេញ)៖ ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កំពុងតែខិតជិតចូលមកដល់បណ្ដើរៗនោះ សាធារណជន ពិសេសប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រាកដជាចង់ដឹងហើយថា ទឹកខ្មៅជ្រលក់ម្រាមដៃអ្នកបោះឆ្នោត ដែលនាំចូលពីប្រទេសឥណ្ឌានោះ មានគុណភាពល្អបែបណា មានបរិមាណប៉ុន្មាន ហើយបើគិតជាទឹកប្រាក់មានតម្លៃប៉ុន្មាន?

ចម្ងល់ទាំងនេះនឹងត្រូវបានបង្ហាញ និងបកស្រាយក្នុងកិច្ចប្រជុំស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ឆ្នាំ២០១៨​ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត​ ព្រមទាំងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ​ នាវេលាម៉ោង ១០៖០០​ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី១៦ ខែកក្កដានេះ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងអស់នោះ មានចំនួន ៥១,០០០ដប ក្នុង១ដបមានចំណុះ ៧០មីលីលីត្រ ហើយដបនីមួយៗមានសារធាតុប្រាក់នីត្រាត ២៥%។

លោកបន្តថា ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះទាំងនោះ ត្រូវបានទិញពីប្រទេសឥណ្ឌាទាំងអស់។ វាត្រូវបានដឹកមកកម្ពុជាចំនួន២ជើង ដោយជើងទី១.ដឹកមកដល់កម្ពុជានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ និងជើងទី២.ដឹកមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកក្កដា។

លោក ហង្ស ពុទ្ធា បានឱ្យដឹងទៀតថា គ.ជ.ប នឹងបញ្ជូនទឹកខ្មៅជ្រលក់ម្រាមដៃនោះ ទៅកាន់ការិយាល័យបោះឆ្នោតបន្តបន្ទាប់ទៀត ដោយទុកប្រើប្រាស់ក្នុងមួយការិយាល័យចំនួន ២ដប, យកទៅរក្សាទុកក្នុងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប ឬ PEC) ចំនួន៣,២៩២ដប និងទុកបម្រុងនៅ គ.ជ.ប ចំនួន១,៧៧៤ដប៕