(ភ្នំពេញ)៖ ក្នុងកម្មវិធីផ្សាយផ្ទាល់តាមហ្វេសបុកផ្ទាល់ខ្លួនរបស់ លោក ព្រាប កុល ដែលក្រោយមកមានការរៀបចំទុកជាមុន ដើម្បីណាត់ឱ្យលោក អាត់ ធន់ មកចូលរួមពិភាក្សា កាលពីយប់ថ្ងៃ១៣ ខែកក្កដា វេលាម៉ោង៩៖០០យប់ លើប្រធានបទគោលនយោបាយអនុគ្រោះពន្ធនោះ លោកព្រាប កុល និងលោកអាត់ ធន់ បានបង្កប់ន័យព្រមានបន្ថែមទៅលើរដ្ឋាភិបាលកម្ពុជា ជំនួសឱ្យអ្នកជំនាញការទូត និងជំនួញរបស់ សហភាពអឺរ៉ុប ដែលពេលនេះមិនទាន់មានការចេញផ្សាយ បញ្ជាក់ពីការព្រមានណាមួយផ្លូវការដល់រដ្ឋាភិបាលកម្ពុជា នៅឡើយទេ។
នៅក្នុងសារដែល លោក ព្រាប កុល បានពន្យល់ក្នុងសេចក្តីចេញផ្សាយតាមការ LIVE របស់ខ្លួន លោកបានព្យាយាមបង្កប់ន័យណែនាំសាធារណជនថា លោកជាបុគ្គលសំខាន់ម្នាក់ ដែលគ្រប់ពេលវេលា សហភាពអឺរ៉ុបតែងមកជួបលោក ដើម្បីស្វែងយល់ពីស្ថានភាពរួមនៅកម្ពុជា មុនសហភាពអឺរ៉ុបអាចនឹងដាក់ចេញសេចក្តីថ្លែងការណ៍ និងធ្វើសេចក្តីសម្រេចចិត្តណាមួយ។
អ្នកមិនចាប់អារម្មណ៍ អាចមើលមិនឃើញពីចំណុចនេះឡើយ។ នៅវគ្គដំបូងនៃការបង្ហាញសេចក្តីផ្តើម លោកព្យាយាមបញ្ជាក់ពីតួនាទីលោក និងភាពសំខាន់នៃទំនាក់ទំនងលោក និងសហភាពអឺរ៉ុប ខណៈការផ្សាយផ្ទាល់របស់លោកមិនដឹងថា តំណាងឱ្យរូបលោកផ្ទាល់ ឬស្ថាប័នដែលលោកកំពុងបម្រើការងារ។
ទោះយ៉ាងណា សាធារណជនគ្រប់រូបហាក់ចាប់ចំណុចបានខ្លះថា លោកព្យាយាមនិយាយអំពីលោកផ្ទាល់ ប៉ុន្តែភ្លេចខ្លួនលោកនិយាយពីការជួបជាមួយសហភាពអឺរ៉ុប ដែលនេះបានបង្ហាញច្បាស់ណាស់ថា ជាតំណាងឱ្យស្ថាប័នអង្គការតម្លាភាពអន្តរជាតិនៅកម្ពុជា។ ចំណុចនេះ អង្គការនេះ និងរដ្ឋាភិបាលត្រូវស្វែងយល់បន្ថែមពីចេទនា និងឥទ្ធិពលអាក្រក់កើតចេញពីការផ្សាយបែបចេតនាវាយប្រហារដល់រដ្ឋាភិបាល និងការញុះញង់ប្រជាជន ដោយស្ងាត់ស្ងៀម និងចំហរ ក្នុងគោលបំណងបំភ័យកម្មករ ថៅកែរោងចក្រ ដើម្បីដាក់សម្ពាធ និងគំរាមដល់រដ្ឋាភិបាល ដែលអាចឱ្យប្រទេសជាតិអាចធ្លាក់ក្នុងសភាពកលិយុគ។
ថ្វីដ្បិត ការជជែកវែកញែកបានបង្ហាញនូវការព្រួយបារម្ភច្រើនជាងការញុះញង់ បំភិតបំភ័យ និងគំរាមដល់រដ្ឋាភិបាល ដែលជាចេតនាផ្ទាល់ខ្លួនរបស់លោក ព្រាប កុល មានចេតនាធ្វើ លោកហាក់បង្ហាញពីភាពស្រពិចស្រពិលនៃបញ្ហាទាំងនេះ។
លោកពន្យល់ថា ការព្យួរ ឬដកជាស្ថាពរ នៃគោលនយោបាយអនុគ្រោះពន្ធពីសហភាពអឺរ៉ុប អាចឱ្យកម្ពុជាខាតបង់មិនតិចជា ៧០០លានដុល្លារ គឺជាចំណែកមិនយកពន្ធ ខាងរោងចក្រទទួលបាន ជាផលចំណេញដើម្បីប្រតិបត្តិការការងាររបស់ខ្លួនជាបន្តទៅទៀត ហើយបើចំណែកនេះត្រូវបានព្យួរ ឬដក មានន័យថា ខាងរោងចក្រនឹងទទួលខាតបង់ធំដូចជា ខាតបង់ប្រាក់ចំណេញពីការមិនយកពន្ធរបស់សហភាពអឺរ៉ុបចំនួន៧០០លានដុល្លារ រោងចក្រអាចបាត់បង់ផលចំណេញ ឬក្ស័យធនផងក៏ថាបានដែរ ព្រោះក្រៅពីខាតលើចំណែកមិនយកពន្ធ ខាងរោងចក្រត្រូវដោះស្រាយប្រាក់បៀរវត្សកម្មករខ្ពស់ ដែលកំពុងអនុវត្តរយៈពេលចុងក្រោយនេះ ទៅតាមការស្នើសុំរបស់រដ្ឋាភិបាល ហើយបើនៅពេលរោងចក្រមានការខាតបង់ រោងចក្រនឹងប្រឈមមុខការបិទទ្វារ ពេលនោះកម្មករខ្មែរអាចបន្តស្វែងរកការងារនៅក្រៅប្រទេស ឬចង្ខំចិត្តនៅភ្នំពេញដោយគ្មានការងារធ្វើ ព្រោះតែឱកាសរកការងារធ្វើមានភាពតូច និងចង្អៀតជាងមុន។
លោក អាត់ ធន់ ហាក់បានជាន់បន្ថែមលើស្ថានការណ៍នេះ នៅក្នុងការផ្សាយផ្ទាល់ឆ្លងឆ្លើយគ្នា ដោយលោកបញ្ជាក់ថា លោកពិតជាមានការព្រួយបារម្ភខ្លាំង ព្រោះលោកបាននិងកំពុងធ្វើការជាមួយកម្មករទាំងនោះជិតដិតបំផុត។ ទោះយ៉ាងណាក៏ដោយ ពួកគេទាំងពីរនាក់ គឺរវាងលោកព្រាប កុល និងអាត់ ធន់ ព្យាយាមសង្កត់លើគោលការណ៍ និងវិធានការរបស់សហភាពអឺរ៉ុបក្នុងការព្យួរ ឬដកចេញទាំងស្រុងគោលនយោបាយអនុគ្រោះពន្ធនេះ ដោយលើកឡើងនូវបញ្ហាចំនួនបួនជាសំខាន់។
បញ្ហាទាំងនោះរួមមាន៖ បញ្ហាមិនគោរពសិទ្ធិមនុស្ស សិទ្ធិធ្វើនយោបាយដោយគ្មានការបៀតបៀន និងសិទ្ធិសមាគមដោយមិនមានការដាក់គំនាប សិទ្ធិសេរីភាពកម្មករគ្មានការបង្ខិតបង្ខំ និងសិទ្ធិបង្កើតសហជីពកម្មករ និងគោរពលទ្ធិប្រជាធិបតេយ្យ ។ល។ នរណាជឿថាអ្នកទាំងពីរខាងលើជាអ្នកជំនាញសិទ្ធិមនុស្ស បើពួកគាត់លើកប៉ុន្មានចំណុចខាងដើម វាសុទ្ធតែជាបញ្ហាសិទ្ធិមនុស្សរួមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកទាំងនេះនៅតែត្រូវបានអ្នកជំនាញសិទ្ធិមនុស្សនិយាយថា ជាការលើកឡើងដោយមិនមានភាពស៊ីចង្វាក់គ្នា ដោយលោកព្រាប កុល ថាសហភាពអឺរ៉ុបលើកឡើងតែ៣ចំណុច ឯលោកអាត់ ធន់ លើកឡើងមានដល់៤ចំណុច ផ្សេងៗដាច់ពីគ្នា។ លោកអាត់ ធន់ ព្យាយាមអូសទាញឱ្យចូលចំណុចធំពាក់ព័ន្ធកម្មករ ដែលចំណុចទាញផលចំណេញដល់ក្រុមលោក ឯលោកព្រាប កុល ទាញទៅសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនយោបាយ ដើម្បីផ្តល់ផលចំណេញទៅក្រុមលម្អៀងនយោបាយរបស់លោក។
នៅពេលនេះ គិតចាប់ពីពាក់កណ្តាលសប្តាហ៍មុនមក សហភាពអឺរ៉ុបគ្រាន់តែបានផ្សាយចេញនូវសេចក្តីប្រកាសរបស់ខ្លួនពីលទ្ធផលបេសកកម្មរបស់ទីភ្នាក់ងារខ្លួនថា បានបញ្ចប់ការសិក្សាស្រាវជ្រាវ ពីស្ថានភាពរួមទូទៅនៅកម្ពុជាប៉ុណ្ណោះ។ សហភាពអឺរ៉ុប ពិតជាបានប្រកាសចេញមកថា គេមានការបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា ប៉ុន្តែហាក់មិនបានដាក់ចេញនូវការព្រមាន ឬវិធានការបណ្តោះអាសន្នណាមួយនៅឡើយទេ។ ក្រៅពីនេះ ពួកគេក៏មិនបានបញ្ជាក់លម្អិតពីស្ថានភាពនយោបាយ និងសិទ្ធិមនុស្សថាបែបណា ឬបែបណាដែរ។ ការបញ្ជាក់សើរៗពីការ ព្រួយបារម្ភការចាប់ខ្លួន ការឃុំឃាំង ការបិទសិទ្ធិធ្វើនយោបាយ ការរំលាយបក្សប្រឆាំង មិនបានបង្ហាញជាភាសាមោះមុត ហ្មត់ចត់ និងម៉ឺងមាត់ថា រដ្ឋាភិបាលកម្ពុជាបានបំពាន ឬ បានធ្វើឱ្យមានកំហុសណាមួយឡើយ។ ពួកគេគ្រាន់តែបង្ហាញឆន្ទៈ និងជំហរថា ចង់ឃើញស្ថានភាពប្រទេសកម្ពុជាមានភាពប្រសើរឡើងវិញជាងនេះ។
ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប គោរពបូរណភាពទឹកដី និងសិទ្ធិស្វ័យភាពក្នុងនាមម្ចាស់ប្រទេសមួយ ហើយពួកគេមិនលូកលាន់ខ្លាំងទៅក្នុងនយោបាយ ឬសេដ្ឋកិច្ច ប្រទេសណាមួយ ដោយបំពាន ឬក្នុងបំណងនយោបាយណាមួយឡើយ។ ផ្ទុយទៅវិញលោកព្រាប កុល និងលោក អាត់ ធន់ ហាក់កំពុងព្យាយាមដុតបន្ថែមស្ថានការណ៍ ដោយព្យាយាមទាញសាធារណជន មកយល់ក្នុងផ្លូវមួយខុសពីអ្វីដែលសហភាពអឺរ៉ុប បាននិងកំពុងធ្វើកន្លងមក។ ពួកគេប្រហែលមានបង្កប់សារនយោបាយ ការបំភិតបំភ័យ និងញុះញង់ ដើម្បីឱ្យកម្មករងើបប្រឆាំងរដ្ឋាភិបាល ឬបញ្ជូនសារទៅសាធារណជនឱ្យបោះឆ្នោតប្រឆាំងរដ្ឋាភិបាល ឬមិនត្រូវទៅបោះឆ្នោត.. ក្នុងកាលៈទេសៈដែលកម្ពុជាអាចនឹងបាត់បង់សិទ្ធិរួចពន្ធ ហើយកម្មករអាចនឹងបាត់ការងារ។ គ្រប់យ៉ាង ជាការសម្តែងចេញរបស់គេទាំងពីរ ទោះដោយន័យត្រង់ ឬបង្កប់ ប៉ុន្តែសាធារណជនអាចស្វែងយល់ពីគោលបំណងរបស់គេបាន ក្នុងគ្រាកម្ពុជាមិនទាន់ប្រព្រឹត្តអ្វីជាកំហុសនោះ។
មែនទែនទៅ មានតែសេនាធិការរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងទទួលបានគំនៀបពីការផ្សាយផ្ទាល់នេះ ហើយរដ្ឋាភិបាលទទួលរងឥទ្ធិពលអវិជ្ជមាន ដោយប្រយោល ខណៈដែលបានខិតខំជាងគេដើម្បីប្រជាជន កម្មករ និយោជិក និងនិយោជក រួមទាំងប្រទេសជាតិទាំងមូល គ្មាននរណាក្រៅអំពីរដ្ឋាភិបាល និងការលះបង់របស់ថ្នាក់ដឹកនាំកំពូលជាតិ ដែលបាននិងកំពុងបញ្ចៀសសង្គ្រាម ធានាភាពរឹងមាំសន្តិភាព ពង្រឹងការអភិវឌ្ឍ ស្ថិរភាពសេដ្ឋកិច្ច និងការរស់នៅ និងធានាភាពសុខដុមរមនា របស់ប្រជាជាតិខ្មែរទាំងមូល៕
ដោយ៖ សុភា ទន្សាយ
ភ្នំពេញ ថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៨