(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ លើការចុះកិច្ចអនុស្សរណៈរវាងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងការបង្កើតឲ្យមានសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈអចលនវត្ថុ (វិស័យដីធ្លី) នៅក្នុងប្រទេសកម្ពុជារួចមកនោះ ភាគីទាំង២បានបង្ហាញ​ពីសញ្ញាវិជ្ជមានជាច្រើន អំពីការបង្កើតសាលាបណ្ដុះបណ្ដានេះឡើង។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគម អ្នកវាយតម្លៃអចលវត្ថុកម្ពុជា បានលើកឡើងនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងកម្មវិធីផ្សព្វផ្សាយ​ស្ដីពី ការបណ្ដុះបណ្ដាញជំនាញវិស័យដីធ្លីថា ការបង្កើតឲ្យមានសាលាបណ្ដុះ​បណ្ដាលនេះ ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជួយជំរុញ និងផ្ដល់ភាពងាយ​ស្រួលដល់អ្នករកស៊ី លើវិស័យនេះ មានទាំងក្រមសីលធម៌ ចេះប្រើប្រាស់ច្បាប់ទម្លាប់ត្រឹមត្រូវ មានភាពខ្លាំងក្លាជាងមុន និងធ្វើការងារដោយស្របច្បាប់។

លោកបានបន្ដទៀតថា រហូតមកដល់ពេលនេះ មានទាំងសិស្ស មានទាំងអ្នកធ្វើការ តាមស្ថាប័នផ្សេងៗ បានចុះឈ្មោះចូលរៀនប្រមាណជា៥០នាក់ហើយ ទម្រាំដល់ថ្ងៃចូលរៀន សង្ឃឹមថានឹងមានអ្នកបន្ដចុះឈ្មោះបន្ថែមទៀត ពោលអាចបើកបាន២-៣ថ្នាក់សម្រាប់វគ្គដំបូងនេះ។

លោកបានបញ្ជាក់ទៀតថា «ការចូលរៀនវគ្គនេះ បានផ្ដល់អត្ថប្រយោជន៍លើសលុបព្រោះថា វគ្គសិក្សានេះនឹងជួយឲ្យពួកគាត់ ប្រែក្លាយបុគ្គលដែល​បម្រើការងារលើវិស័យដីធ្លី ដោយអត់បានឆ្លងកាតវគ្គសិក្សា និងមិនទាន់ស្របច្បាប់ ឲ្យក្លាយទៅជាបុគ្គលស្របច្បាប់លើវិស័យនេះ មួយវិញទៀតពេលពួកគាត់ក្លាយជា ក្រុមហ៊ុនស្រប់ច្បាប់ មានអាជ្ញាបណ្ណត្រឹមត្រូវ នោះនឹងចំណេញទៅដល់សេដ្ឋកិច្ចកម្ពុជាព្រោះថា ពេលដែលក្លាយ​ជា​ក្រុមហ៊ុនស្របច្បាប់ ពួកគាត់នឹងបង់ពន្ធជូនរដ្ឋ ប្រចាំខែប្រចាំឆ្នាំ»

លោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាលកវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កត្តាដែលនាំឲ្យសាកលវិទ្យាល័យ សម្រេច​ចិត្តសហការជាមួយ​សមាគម ​បង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីចូលរួមបង្កើតធនធានមនុស្ស ឲ្យកាន់តែយល់ដឹងបន្ថែមទៀត​ពីច្បាប់​ស្ដីពីវិស័យនេះ និងក្លាយទៅជាអ្នកជំនាញ ដោយស្របច្បាប់មួយក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា សម្រាប់តម្លៃនៃការសិក្សា លើវិស័យនេះសាកលវិទ្យាល័យ និងសមាគម បានយកតម្លៃកម្រិតទាប គឺត្រឹមតែ​២៦០ដុល្លារប៉ុណ្ណោះ ក្នុងរយៈពេល៧៥ម៉ោង ហើយតម្លៃនេះនឹងជួយសម្រួលដល់សិស្សានុសិស្ស ព្រមទាំងបុគ្គផ្សេងៗទៀតក្នុងការសក្សាផងដែរ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគម​អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានសហការគ្នាដាក់បញ្ជូលកម្មវិធីសិក្សា ជំនាញអចលនវត្ថុ ចូលទៅក្នុងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបើកឲ្យសិក្សាជាផ្លូវការ នៅចុងឆ្នាំ២០១៨នេះ៕