(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជនជាង៣០ក្រុមហ៊ុន ដែលបម្រើឱ្យវិស័យទេសចណ៍ នៅក្នុងខេត្តសៀមរាប មជ្ឈមណ្ឌលយុវជនខេត្តសៀមរាប សរុបជាង២,០០០នាក់ បានយកកូនឈើពូជកម្រ និងមានតម្លៃជាង២,០០០ដើម ទៅដាំនៅក្នុងបរិវេណខាងកើតខ្លោងទ្វារប្រាសាទតាព្រហ្ម។ សកម្មភាពដាំកូនឈើនេះ ធ្វើនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។
លោក យិត សូវ៉ាត ប្រធានគ្រប់គ្រងផ្នែកកាត់ក្រីឈើរបស់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សា បានឱ្យដឹងថា កូនឈើដែលយកមកដាំសរុបទាំងអស់ចំនួន ២,១៧០ដើម រួមមាន៖ នាងនួន១,៥០៤ដើម បេង២៧៥ដើម និងក្រញូង៣៩១ដើម ជាប្រភេទកម្រ និងមិនសូវសម្បូរក្នុងតំបន់អង្គរ។ កូនឈើទាំងអស់នឹងរស់គ្រប់ដើម ព្រោះមជ្ឈដ្ឋានជុំវិញមិនមានការបំផ្លាញ ហើយប្រហែលជា៧-១០ឆ្នាំ ព្រៃពូជនេះនឹងលូតលាស់ល្អបំផុត ក្រោមការថែទាំពីបុគ្គលិកព្រៃឈើក្នុងឧទ្យានអង្គរពេលដាំរួច។ ដូច្នេះហើយ ក្រុមការងារព្រៃឈើក្រៅពីមានតួនាទីទ្រទ្រង់ប្រាសាទហើយ គឺយកចិត្តទុកដាក់ខ្លាំងលើការការពារបរិស្ថានជុំវិញប្រាសាទ។
លោក ហ្វីលិព កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍សៀមរាប (STC) បានលើកឡើងថា នេះជាលើកទី១ដែល STC បានប្រមូលប្រតិបត្តិករទេសចរណ៍ជាង៣០ស្ថាប័ន ដោយមានអ្នកចូលរួមជាង ២,០០០នាក់ ចូលរួមដាំកូនឈើនាងនួន និងកូនឈើដទៃទៀត ដើម្បីផ្សព្វផ្សាយទីក្រុងសៀមរាបឱ្យក្លាយជាតំបន់ទេសចរណ៍ ប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកទាំងថែរក្សាបរិស្ថាន ការទ្រទ្រង់ប្រាសាទ ទាក់ទាញទេសចរ ដែលប្រតិបត្តិករទេសចរណ៍ទាំងអស់គួរធ្វើដើម្បីសងទៅអង្គរវិញ។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានឱ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធីដាំកូនឈើនេះថា អាជ្ញាធរជាតិអប្សរាតែប្រារព្ធពិធីដាំដើមឈើជារៀងរាល់ឆ្នាំ តែនេះជាករណីពិសេសដែលអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារឯកជនជាច្រើន រួមទាំងយុវជនឱ្យចូលរួមចំណែកថែរក្សាបរិស្ថាន អភិរក្សពូជឈើដែលជិតផុតពូជ ដើម្បីតបស្នងទៅអង្គរវិញ ព្រោះពួកគាត់អាស្រ័យផលនឹងអង្គរ។ លើសពីនោះទៀត កម្មវិធីនេះជាការចំណែកមួយនៃការបម្រើឱ្យការអប់រំបេតិកភណ្ឌ តាមរយៈការបណ្តុះបណ្តាលសិស្សនៅវិទ្យាល័យនៅស្រះស្រង់ ឱ្យពួកគេចេះស្រឡាញ់ ថែរក្សា ស្រាវជ្រាវមរតកបេតិកភណ្ឌក្នុងតំបន់ឱ្យបានប្រសើរបន្តពីមនុស្សចាស់។
លោក ខាន់ សារ៉ន តំណាងសណ្ឋាគារឡាក់គីអង្គរ ដែលបានចូលរួម ក្នុងទិវាដាំកូនឈើនេះ បានសម្តែងនូវការចាប់អារម្មណ៍ថា វាការសង្គមដែលប្រជាពលរដ្ឋខ្មែរវចូលរួមទាំងអស់គ្នាដាំដើមឈើ ព្រោះវាបានទាំងការពារបរិស្ថានផង ជាការចែករំលែកគំរូល្អដល់សង្គមផង និងជួយលើកតម្លៃទេសចរណ៍ផង៕