(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកអធិការរង នគរបាលស្រុកស្ទោង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយស្ទោង រួមជាមួយ អាជ្ញាធរភូមិ-ឃុំ អញ្ជើញទៅបំពាក់ឯកសណ្ឋានប្រជាការពារ និងវិទ្យុទាក់ទងដៃ ដល់ប្រជាការពារភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ដោយមានការសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដោះស្រាយឯកសណ្ឋានប្រជាការពារចំនួន ១១សម្រាប់ និងវិទ្យុទាក់ទងដៃ ចំនួន១១គ្រឿង ប្រគល់ និងបំពាក់ជូនប្រជាការពារភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបម្រើ និងការពារប្រជាជន ធ្វើឱ្យភូមិ-ឃុំមានសន្តិសុខ និងសុវត្ថិភាព។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសសើរចំពោះប្រជាការពារ ដែលមិនបានទទួលប្រាក់បៀវត្ស ហើយថែមទាំងលះបង់កម្លាំងកាយចិត្ត ចូលរួមបម្រើប្រជាជននៅមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងច្បាប់នានាដែលមានជាធរមាននៅកម្ពុជា ពិសេសកុំជឿពាក្យញុះញង់របស់ជនអគតិមួយចំនួន ដែលជំរុញឲ្យប្រព្រឹត្តល្មើសច្បាប់ នាំមានទោសដល់ខ្លួន និងលំបាកដល់ក្រុមគ្រួសារ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងមកនេះ លោកឧត្តមសេនីយ៍ទោ បានបំពាក់ឯកសណ្ឋានប្រជាការពារ ចំនួន១០សម្រាប់ ដល់ប្រជាការពារភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រួចមកហើយ៕